បណ្តាក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាសុីអាចនឹងជួបប្រទះបញ្ហាប្រឈមខ្លាំងនៅឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីត្រូវបានគេរំពឹងថា អាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុខ្លាំងបំផុតនៅឆ្នាំនេះ និងឆ្នាំក្រោយ។ យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ AlixPartners បានឱ្យដឹងថា បណ្តាក្រុមហ៊ុនចិនជាច្រើនអាចនឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។

យោងតាមការស្ទង់មតិថ្មីមួយបានបង្ហាញថា ចំនួន៦២ភាគរយនៃអ្នកជំនាញសរុបចំនួន២០០នាក់ បានលើកឡើងថា ការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញក្រៅប្រព័ន្ធតុលាការ និងការច្របាច់បញ្ចូលគ្នា និងការទិញយក(M&A)នឹងកើនឡើង។

ចំនួន៩២ភាគរយនៃអ្នកជំនាញជឿជាក់ថា បញ្ហាភូមិសាស្ត្រនយោបាយ ដូចជាការបោះឆ្នោត និងជម្លោះនានានឹងបង្កឱ្យមានបញ្ហាហិរញ្ញវត្ថុបន្ថែមទៀតនៅឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិនេះរួមបញ្ចូលអ្នកវិនិយោគ អ្នកជំនាញធនាគារ និងទីប្រឹក្សាហិរញ្ញវត្ថុសរុបចំនួន២០០នាក់ ដោយបានរកឃើញថា ប្រទេសចិននឹងសង្កេតឃើញមានសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញច្រើនបំផុត តាមពីក្រោយដោយប្រទេសសិង្ហបុរី និង​ប្រទេសជប៉ុន​។

ចំនួន៣៩ភាគរយនៃអ្នកឆ្លើយសំណួរជឿថា ផ្នែកអចលនទ្រព្យពាណិជ្ជកម្មជាទីផ្សារ ដែលអាចប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំងនៅឆ្នាំ២០២៥។ ការព្យាករណ៍នេះបានធ្វើឡើង ស្របពេលអត្រាការប្រាក់នៅតែបន្តមានកម្រិតខ្ពស់ លក្ខខណ្ឌឥណទានកាន់តែតឹងរ៉ឹង និងការធ្លាក់ចុះនៃទំនុកចិត្តរបស់វិនិយោគិនលើអចលនទ្រព្យ និងទ្រព្យសកម្មហិរញ្ញវត្ថុនៅទូទាំងតំបន់។

លោកស្រី Una Ge ដៃគូ និងជានាយិកាគ្រប់គ្រងមកពីក្រុមហ៊ុន AlixPartners បានលើកឡើងថា នៅឆ្នាំ២០២៥ វិបត្តិហិរញ្ញវត្ថុបានជះផលប៉ះពាល់ដល់វិស័យអចលនទ្រព្យរបស់ទីក្រុងហុងកុង។

លោកស្រីបានពន្យល់ថា ខុសផ្ទុយពីបញ្ហាបំណុលរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនដីគោក បំណុលភាគច្រើនរបស់អ្នកអភិវឌ្ឍន៍ហុងកុងត្រូវបានខ្ចី ដោយយកទ្រព្យសកម្ម ដូចជា អគារ និងដីទៅបញ្ចាំ។

ប៉ុន្តែ នៅពេលនេះ អគារពាណិជ្ជកម្មប្រហែល២០ភាគរយស្ថិតនៅទំនេរគ្មានអ្នកជួល។ ដូច្នេះ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចលក់ ឬជួលអចលនទ្រព្យរបស់ពួកគេបានទេ ពួកគេអាចនឹងពិបាកក្នុងការសងប្រាក់កម្ចី ឬត្រូវបង្ខំចិត្តលក់ឡាយឡុងអគារទាំងនោះ ដែលធ្វើឲ្យបណ្តាវិនិយោគិនបង្ហាញក្តីបារម្ភ។

ការរៀបចំរចនាសម្ព័ន្ធឡើងវិញ (Restructuring) សំដៅលើដំណើរការដែលក្រុមហ៊ុនឆ្លងកាត់ នៅពេលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយត្រូវការរៀបចំឡើងវិញនូវបំណុល ប្រតិបត្តិការ ឬរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីរក្សាភាពស្ថិតស្ថេរនៃអាជីវកម្ម ឬកាត់បន្ថយការខាតបង់។

បណ្តាក្រុមហ៊ុន​ដែល​មិន​អាច​មានលទ្ធភាពសង​បំណុល អាច​ព្យាយាម​បញ្ចៀស​ការ​ក្ស័យធន​ តាមរយៈវិធីសាស្ត្រក្នុងការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ដូចជា ការចរចាជាមួយម្ចាស់បំណុល ការលក់ឡាយឡុងទ្រព្យសកម្ម ដូចជាអគារ ឬអង្គភាពបុត្រសម្ព័ន្ធអាជីវកម្ម។

វិធីសាស្ត្រផ្សេងទៀត រួមមាន ការធ្វើសមាហរណកម្មច្របាច់រួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនមួយផ្សេងទៀតក្រោមលក្ខខណ្ឌដ៏លំបាក និងការកាត់បន្ថយថ្លៃចំណាយ ដូចជាការបិទការិយាល័យ ឬការបញ្ឈប់បុគ្គលិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here