ធនាគារធំបំផុតនៅអឺរ៉ុបប្ដូរយុទ្ធសាស្ត្រថ្មីដោយគ្រោងបោះទុន៦ពាន់លានដុល្លារមកកាន់តំបន់អាស៊ី

ដោយៈ សុខុម

ក្រុងឡុងដ៍ៈ ធនាគារដ៏ធំ HSBC របស់អង់គ្លេស និងធំជាងគេបំផុតនៅអឺរ៉ុបបានបង្ហាញសញ្ញាគួរឱ្យចាប់អារម្មណ៍ថា ខ្លួនកំពុងតែដើរតាម “យុទ្ធសាស្ត្រងាកមករកតំបន់អាស៊ី” (Pivot to Asia) របស់លោកបារ៉ាក់ អូបាម៉ាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈការទម្លាយផែនការបោះទុនវិនិយោគ ប្រមាណ៦ពាន់ដុល្លារអាមេរិក នៅក្នុងតំបន់នេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៣ កុម្ភៈ។

ពេលនេះ ធនាគារវិនិយោគពហុជាតិសាសន៍របស់អង់គ្លេស ដែលជាធនាគារធំបំផុ​តនៅអឺរ៉ុបមួយនេះ កំពុងតែប្ដូរយុទ្ធសាស្ត្រថ្មី ដោយងាកមកផ្ដោតលើការគ្រប់គ្រងទ្រព្យ និងសេវាធនាគារពាណិជ្ជដើម្បីជំរុញ “កំណើនពីរខ្ទង់” ហើយបានជ្រើសរើសទីផ្សារអាស៊ី ដូចជាប្រទេសសិង្ហបុរី ប្រទេសចិន និងក្រុងហុងកុងជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្ដូរយុទ្ធសាស្ត្រនេះធ្វើឡើង ខណៈធនាគារHSBC បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួន បានធ្លាក់ចុះរហូតដល់៣៤% ក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ ធនាគារនេះ រកចំណូលបានមួយចំនួនរួចទៅហើយពីតំបន់អាស៊ី។

អំឡុងពេលប្រកាសលទ្ធផលរបស់ខ្លួន ធានាគារនេះនិយាយថា ខ្លួននឹងបន្តបែងចែកភាគលាភ (ចំណែកប្រាក់ចំណេញ) របស់ខ្លួន០,១៥ដុល្លារក្នុងមួយភាគហ៊ុន ហើយការបែងចែកភាគលាភនេះ គឺជាលើកដំបូងហើយចាប់តាំងពីខែតុលា ឆ្នាំ២០១៩ មក។

ប្រាក់ចំណូលមុនពេលកាត់ពន្ធរបស់ធនាគារ HSBC បានធ្លាក់ចុះពី១៣,៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹម៨,៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំមុន។ ទោះជាយ៉ាងណា ការធ្លាក់ចុះនេះគឺស្រាលជាងការរំពឹងទុក។

លោក Noel Quinn នាយកប្រតិបត្តិធនាគារ HSBC បានចេញសេចក្ដីថ្លែងការណ៍ថា ធនាគារនេះ “ទទួលបានលទ្ធផលហិរញ្ញវត្ថុរឹងមាំ ក្នុងបរិបទឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជាពិសេសនៅអាស៊ី” ដែល “ជួយក្រាលគ្រឹះដ៏រឹងមាំ សម្រាប់កំណើនរបស់យើងនាពេលអនាគត”។

ធនាគារដែលមាន១៥០ សាខានៅសហរដ្ឋអាមេរិកនេះ នឹងនៅតែអនុវត្តតាមផែនការកាត់បន្ថយចំណាយ តាមរយៈការកាត់បន្ថយបុគ្គលិក ប្រមាណ៣៥.០០០នាក់ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here