លោកឧកញ៉ាហួត អៀងតុងៈយើងមានការព្រួយបារម្ភពីកូវីដប៉ុន្តែផលប៉ះពាល់របស់វាអាស្រ័យលើរយៈពេលគ្រប់គ្រងជំងឺនេះ

ដោយ:គង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា ការរីករាលដាលមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ជាការព្រួយបារម្ភមួយ ប៉ុន្តែវាមិនទាន់មានផលប៉ះពាល់ដល់វិស័យធនាគារនៅឡើយទេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា យើងមានការព្រួយបារម្ភពីជំងឺនេះ ដោយខ្លាចវាឆ្លងចូលសហគមន៍ច្រើន និងបើវាអូសបន្លាយរយៈពេលវែង វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប្រាក់ចំណូលរបស់ពួកគេ ប៉ុន្តែយើងរំពឹងថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងជំងឺនេះបានល្អ ព្រោះជាបទពិសោធ​ន៍កន្លងមកប្រមុខរដ្ឋាភិបាលបានគ្រប់គ្រងជំងឺនេះបានល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅពេលនិយាយថា វាប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ឬអត់ គឺមិនទាន់មានសញ្ញាមិនល្អណាមួយនៅឡើយទេ ប៉ុន្តែបើវាប៉ះពាល់ធ្ងន់ធ្ងរ ឬអត់ វាអាស្រ័យលើរយៈពេលនៃការគ្រប់គ្រងជំងឺនេះ”។ លោកបន្តថា “ប្រសិនជាការរីករាលដាលជំងឺនេះអូសបន្លាយរយៈពេលវែងវានឹងធ្វើឲ្យប៉ះពាល់វិស័យនេះមិនខាន ប៉ុន្តែយើងមានសុទិដ្ឋិនិយមលើចំណាត់ការរបស់រដ្ឋាភិបាល”។

បន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារហត្ថា បច្ចុប្បន្នធនាគារនេះមានភាពរីកចម្រើន និងកំពុងក្លាយជាធនាគារធំមួយក្នុងចំណោមធនាគារធំៗ​នៅកម្ពុជា។

យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនបានបង្ហាញថា ធនាគារ ហត្ថា ម.ក សម្រេចបានចំណូលសរុប មានចំនួនប្រមាណ៤៩លានដុល្លារអាមេរិក ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ កើនឡើងចំនួន២១,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here