ពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ ទោះមានការរំខានដោយវិបត្តិកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាទៅចិនបានបន្តកើនឡើងកាលពីឆ្នាំមុន បើទោះបីសង្វាក់ផ្គត់ផ្គង់ ត្រូវបានរំខានដោយវិបត្តិកូវិដ១៩ ខណៈពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានទំហំទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ។

យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ចិនមានទំហំទឹកប្រាក់ប្រមាណ១,០៨ពាន់លានដុល្លារកាលពីឆ្នាំមុន បានកើនឡើងជាង៨ភាគរយ បើប្រៀបធៀប ឆ្នាំ២០១៩។ ដោយឡែក ការនាំចូលរបស់កម្ពុជាពីចិនមានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារកាលពីឆ្នាំមុន បានធ្លាក់ចុះប្រហែល១០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅក្នុងដំណើរទស្សកិច្ចកិច្ចផ្លូវការរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីខែតុលា ឆ្នាំ២០២០។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង ធ្លាប់មានប្រសាសន៍ថា តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្មនៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា។

លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជាក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។

លោកបន្ថែមថា “វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់”។

ចិន និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង២៧ភាគរយធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។

ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របម្រើផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here