NBC បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាផ្អាកការបែងចែកភាគលាភ

ដោយៈ សាវុធ

ភ្នំពេញ៖ ខណៈស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅមិនទាន់មានភាពច្បាស់លាស់ ធនាគារជាតិនៃកម្ពុជា (NBC) បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញឆ្នាំ២០២០ ដល់ភាគទុនិករបស់ពួកគេ ដែលជាវិធានការមួយរួមចំណែករក្សាកំណើនរបស់វិស័យនេះ។

យោងតាមសេចក្ដីប្រកាសរបស់ NBC ចេញផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីអំឡុងពេលផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់បច្ចុប្បន្ន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីបន្ធូរបន្ថយលើការអនុវត្តតាមបទប្បញ្ញត្តិរបស់គ្រឹះស្ថានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវិស័យធនាគារនៅតែមានភាពរឹងមាំ និងបន្តមានប្រាក់ចំណេញក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។

NBC បានឱ្យដឹងទៀតថា “ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង និងដើម្បីធានាភាពធន់ និងស្ថិរភាព ក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាស្នើគ្រប់គ្រឹះស្ថានទាំងអស់ ផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញរបស់គ្រឹះស្ថានក្រោយធ្វើសវនកម្ម ឆ្នាំ២០២០ និងរៀបចំយុទ្ធសាស្ដ្រចាកចេញសមស្រប បន្ទាប់ពីការអនុគ្រោះនានាពីធនាគារជាតិនៃកម្ពុជាត្រូវបានបញ្ចប់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដាក់សេចក្តីសម្រេចបន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក រហូតដល់ចុងឆមាសទី១ ឆ្នាំ២០២១ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារមានមូលនិធិច្រើន ក្នុងការបញ្ចេញកម្ចី និងជំរុញសកម្មភាពសេដ្ឋកិច្ច។

ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើនដល់២៤០,៨ទ្រីលានរៀល ស្មើនឹង៥៩,៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ កើនឡើង១៥,៧ភាគរយ ក្នុងនោះឥណទានអតិថិជន បានកើនដល់៣៧,៣ពាន់លានដុល្លារអាមេរិក កើនឡើង១៤,៨ភាគរយ។ នេះបើយោងតាមការរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here