ការនាំចេញ​ឈើ និង​ផលិតផល​ឈើ​របស់​ម៉ាឡេស៊ី នឹង​ឈានដល់ ៦ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ

ដោយៈ​សុខុម

កូ​ឡា​ឡាំ​ពួរ:  ក្រសួង​ឧស្សាហកម្ម និង​ផលិតផល​ចម្ការ (MPIC) នៃ​ប្រទេស​ម៉ាឡេស៊ី ជឿជាក់​យ៉ាង​មុតមាំ​ថា ការនាំចេញ​ឈើ និង​ផលិតផល​ឈើ​របស់​ម៉ាឡេស៊ី អាចឈាន​ដល់​ទំហំ២៣ពាន់​លាន​រីង​ហ្គី​ត (៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក) នៅ​ឆ្នាំ២០២១ នេះ បន្ទាប់ពី​វ៉ាក់សាំង​កូ​វីដ-១៩មកដល់។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃទី២១ កុម្ភៈ។

ក្រសួង​ឧស្សាហកម្ម និង​ផលិតផល​ចម្ការ ទទួលបន្ទុក​ខាង​ចម្ការ និង​ទំនិញ​ចម្ការ​រួមមាន​ដូចជា​ដូងប្រេង ជ័រកៅស៊ូ ឈើ គ្រឿងសង្ហារិម កា​កាវ ម្រេច និង​ថ្នាំជក់​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួង​នេះ​គឺ​លោក Mohd Khairuddin Aman Razali បាន​លើកឡើងថា ក្រសួង​របស់លោក នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានាថា ឧស្សាហកម្ម​ដែល​ផ្អែកលើ​ឈើ​ក្នុងស្រុក​នេះ នឹង​នៅតែ​រក្សាបាន​ការប្រកួត​ប្រជែង ទាំង​លើ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ។

ទន្ទឹមនឹង​នេះដែរ លោក​បាន​ជំរុញ​ឱ្យ​ក្រសួង​របស់លោក ជួយ​ពិនិត្យ​ដាន​ឧស្សាហ​កម្មនេះ​ជាប្រចាំ គឺ​ធ្វើយ៉ាងណា​ធានាថា វា​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) ដែល​រដ្ឋាភិបាល​បានកំណត់។

លោក​បានចេញ​សេចក្ដីថ្លែងការណ៍​ក្នុង​ថ្ងៃ​ដដែល​នេះ​ថា “ក្រសួង​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​នៃ​ការនាំចេញ​អាច​ទទួលបាន​ទំហំ២៣ ពាន់​លាន​រីង​ហ្គី​ត ក្នុង​ឆ្នាំ២០២១ ជាពិសេស​ដោយសារ​មាន​វ៉ាក់សាំង ដែល​នឹង​ជួយ​កាត់បន្ថយ​ការឆ្លង​វីរុស​កូ​វីដ-១។ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ក្នុង​បណ្ដា​ប្រទេស​នាំចូល​ឈើធំៗ ដូចជា សហរដ្ឋអាមេរិក និង​ចិន ជាដើម ព្រមទាំង​ការកើនឡើង​នូវ​តម្រូវការ​ពី​ប្រទេសផ្សេងៗទៀត នឹង​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ឈើ នៅតែមាន​លទ្ធផល​វិជ្ជមាន​ពេញ​មួយឆ្នាំ២០២១” ។

រដ្ឋមន្ត្រី​រូបនេះ​បាន​អះអាងថា ការនាំចេញ​ផលិតផល​ផ្អែកលើ​ឈើ​សម្រាប់​ឆ្នាំ២០២០ គឺ​ទទួលបាន​សមិទ្ធផល​ល្អប្រសើរ បើទោះបីជា​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ មិនទាន់បាន​បញ្ចប់​នៅឡើយ​ក្ដី។

លោក​បាន​គូសបញ្ជាក់ថា ការនាំចេញ​ឈើ និង​ផលិតផល​ឈើ​មាន​ទំហំ ២២,០២ ពាន់​លាន​រីង​ហ្គី​ត ក្នុង​ឆ្នាំ២០២០ បើ​ធៀប​នឹង​ទំ​ហណ ២២,៥ ពាន់​លាន​រីង​ហ្គី​ត ក្នុង​ឆ្នាំ២០១៩ ពោលគឺ​ធ្លាក់ចុះ​តែ ២,០% ប៉ុណ្ណោះ។

ក្នុងចំណោម​ការនាំចេញ​ឈើ និង​ផលិតផល​ឈើ​ទាំងអស់ គ្រឿងសង្ហារិម​ឈើ​នៅតែ​ជា​ផលិតផល​ដ៏​ចម្បង ដោយ​ទទួលបាន​កំណើន​នាំចេញ១៦% ដល់ ១០,៦ ពាន់​លាន​រីង​ហ្គី​ត (២,៦២ ពាន់​លាន​ដុល្លារ​អាមេរិក) បើ​ធៀប​នឹង ៩ ពាន់​លាន​រីង​ហ្គី​ត (២,២៣ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here