ឧកញ៉ាគួច ម៉េងលីៈ ប្រជាជនកម្ពុជាជិត៨០ភាគរយមានបញ្ហាផ្លូវចិត្តបណ្ដាលមកពីហិរញ្ញវត្ថុ

ដោយៈ លក្ខិណា
ភ្នំពេញៈ លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលីអគ្គនាយកក្រុមហ៊ុនម៉េងលី ជេ គួច បានបង្ហោះសារនៅក្នុងបណ្ដាសង្គមរបស់ខ្លួនថា បច្ចុប្បន្នលោកសង្កេតឃើញថា សឹងតែ៨០ភាគរយនៃប្រជាជនកម្ពុជា មានបញ្ហាផ្លូវចិត្តដែលបណ្ដាលមកពីកត្តាជីវភាពថ្ងៃ ឬបញ្ហាហិរញ្ញវត្ថុនេះឯង។

លោកឧកញ៉ាបានបន្តថា ប្រជាជនកម្ពុជាមួយចំនួនធំនៅខ្វះខាតចំណេះដឹងទូទៅជុំវិញសង្គមរស់នៅ និងខ្វះសាធាតុបំប៉ន់ក្នុងអាហារទទួលទាន រាងកាយ ទើបធ្វើឱ្យចិត្តពួកគាត់ ពុំបានរីកចម្រើនល្អនោះឡើយ។ កត្តាខ្វះខាតនេះហើយ បានរុញគាត់ឱ្យខិតមកកាន់តែកៀកមាត់ជ្រោះនៃអវិជ្ជា ឆាប់ខឹងក្រោធ បាក់បែក ឈ្លោះទាស់ និងរស់នៅដោយពុំយល់ហេតុ និងផលបានល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា បើយើងមានឱកាសទទួលបានការអប់រំហើយ យើងគប្បីសិក្សាឱ្យបានស៊ីជម្រៅ រៀនឱ្យពិត អានឱ្យច្រើន ស្រាវជ្រាវជាប្រចាំ សរសេរពីគំហ៊ើញថ្មីៗ ចែករំលែកដល់គ្នានឹងគ្នា។ ប្អូនៗក្មួយៗត្រូវតែចាំជាប់ក្នុងចិត្តខ្លួនឯងថា កុំពូកែតែរៀន តែមិនពូកែចេះ។

លោកឧកញ៉ាបានថ្លែងទៀតថា សម័យឥឡូវ មនុស្សអាចនឹងកាន់តែដូចសត្វសាហាវ ខ្លាំងឡើងៗ ។ ហេតុអ្វី? នោះក៏ព្រោះតែពួកគាត់កំពុងបាត់បង់សារជាតិជាមនុស្ស តាមរយៈកម្សួលពុលក្នុងលំហសង្គម។ កត្តាចំបងដែលធ្វើឱ្យសង្គមមួយក្លាយជាបែបហ្នឹង គឺដោយសារតែអវិជ្ជានេះឯង។

លោកឧកញ៉ាបាននិយាយថា យើងឃើញនឹងភ្នែកស្រាប់ហើយ ហេតុអ្វីយុវជនយុវតីខ្មែរយើងរាប់លាននាក់ក្លាយជាជនចំណាកស្រុក ពោលយុវជនជិត៥០ភាគរយចាកចេញពីប្រទេសខ្លួនឯង ដើម្បីទៅធ្វើការឱ្យបរទេស ក្នុងតួនាទីដ៏សែនតូចតាចទៅវិញ? ខណៈយើងកំពុងខ្វះខាតបុគ្គលិកជំនាញស្ទើរគ្រប់វិស័យ។

លោកឧកញ៉ាបន្ថែមថា បើយុវជនកម្ពុជាប្រឹងរៀនជំនាញ យើងអាចមានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រើតាមតម្រូវការងារក្នុងប្រទេសខ្លួនឯង។ ហេតុអ្វីការងារជំនាញបច្ចេកទេស បែរត្រូវអ្នកដទៃមកធ្វើអស់រលីង? ហើយយើងបែរនាំគ្នាធ្វើចំណាកស្រុកទៅវិញអ៊ីចឹង? ដល់យូរៗទៅ ខ្ញុំឃើញបែបនេះទៅវិញ គឺខ្មែរយើងសម្បូរបុគ្គលិកធ្វើការលើជំនាញមួយ តែបែរជាពូកែតែណេបរណប កំសាក ប៉ិនបោក និងឈ្លាសវៃបែប អូនជាទន្សាយ យ៉ាងច្រើនស្អេកស្កះ។

បើតាមលោកង៉ែត ជូសេដ្ឋវិទូមួយរូបនៅកម្ពុជា ក៏បានឱ្យដឹងថា ដើម្បីកុំឱ្យក្រ ឬមិនជួបបញ្ហានានា គួរគប្បីមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានគ្រប់គ្នាឬកាន់តែច្រើន ព្រោះចំណេះដឹងហិរញ្ញវត្ថុនេះ មានសារសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here