រដ្ឋាភិបាលសម្រេចអនុម័តគម្រោងរោងចក្រផលិតសំបកកង់យានយន្តតម្លៃ១៥លានដុល្លារនៅខេត្តស្វាយរៀង

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ជាមួយការបោះទុនវិនិយោគប្រមាណ១៥លានដុល្លារនៅបាវិត ខេត្តស្វាយរៀង ខណៈគម្រោងនេះនឹងបង្កើតការងារដល់ប្រជាជនប្រមាណ៣៨០កន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន “CART TIRE CO., LTD” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១នេះ បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង ដែលមានទុនវិនិយោគ សរុបចំនួនប្រមាណ ៦២១លានដុល្លារអាមេរិក ពោលគឺមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន ១៧គម្រោង និងទុនវិនិយោគប្រមាណ ៩៣លានដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «ក.អ.ក» តាមរយៈគណៈកម្មាធិការ វិនិយោគកម្ពុជា «គ.វ.ក» និងគណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា «គ.ស.ព» បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨.២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១២% ធៀបនឹងឆ្នាំ២០១៩។

លទ្ធផលនេះ ជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការ យ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនៅកម្ពុជា មួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here