ប្រេសិតពាណិជ្ជកម្មអង់គ្លេសជំរុញវិនិយោគិនរបស់ខ្លួនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ប្រេសិតពាណិជ្ជកម្មអង់គ្លេសលោកស្រី ហេឌ័រ វាល័្លរ (Heather Wheeler) ជំរុញវិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែមពីសក្តានុពល ដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើងរបសលោកស្រីប្រេសិតពាណិជ្ជកម្មអង់គ្លេស ដែលទើបតែងតាំងថ្មីជាប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាម ត្រូវបានធ្វើឡើងក្នុងក្នុងជំនួបការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធ វីដេអូ កាលពីរសៀលថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១។

លោកស្រីរេសិតពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាមានការរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញ ខណៈរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។

លោកស្រីបន្តថា “នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែមពីសក្តានុពលដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន”។

ទន្ទឹមនេះ លោកស្រីបានគូសបញ្ជាក់អំពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ១៩ មកលើវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយបានជម្រាបជូនលោករដ្ឋមន្ត្រីអំពីគម្រោងគាំទ្រពន្លឿនផ្នែកសេដ្ឋកិច្ច ដែលផ្តល់ដោយរាជរដ្ឋាភិបាលអង់គ្លេស សម្រាប់ប្រទេសនៅអាស៊ាន។

លោកប៉ានស័ក្តិ សូរបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូរសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង និងបានជម្រាបភាគីអង់គ្លេសទៀតថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានថ្លែងថា អង់គ្លេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here