អាមេរិក៖ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា​គួរ​ចាប់ផ្តើម​ចាត់វិធានការ​ដោះស្រាយហានិភ័យ​អាកាសធាតុ

ដោយៈ​សុខុម

វ៉ាស៊ីនតោន: មន្ត្រី​គោលនយោបាយ​ជាន់ខ្ពស់​មួយរូប នៃ​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក (Federal Reserve) បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កុម្ភៈ​ថា ស្ថាន​ភាពមិនប្រាកដប្រជា​នៃ​ការប្រែប្រួល​អាកាសធាតុ អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ហួសការ​រំពឹងទុក​មក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

លោកស្រី Lael Brainard ទេសាភិបាល​នៃ​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទាំងនោះ ចាត់វិធានការ​ពី​ពេលនេះ​ទៅ ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​ទុកជាមុន ក្រែងលោ​មាន​ហេតុការណ៍​តក់ស្លុត​កើតឡើង​ហួស​ពី​ការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុង​សុន្ទរកថា​ថ្លែង​ទៅកាន់​វេទិកា​រៀបចំឡើង ដោយ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (Institute of International Finance) ស្ដីពី​ការផ្លាស់ប្ដូរ​ឆ្ពោះទៅរក​សេដ្ឋកិច្ច ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​តិច លោកស្រី​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា​បាន​ប្រឈម​ហានិភ័យ ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយ​ទាក់ទិន​អាកាសធាតុ។ ទន្ទឹមនេះ ក្រុមហ៊ុន​ទាំងនោះ​ក៏​ប្រឈម​ហានិភ័យ ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស នូវ​តម្លៃ​ទ្រព្យសកម្ម​ដែល​អាច​កើតមាន​ផងដែរ ក្នុងករណី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​មានការ​ផ្លាស់ប្ដូរ។

លោកស្រី​បាន​សង្កត់ធ្ងន់ថា “ខណៈ​មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ យ៉ាងច្បាស់​ក្រឡែត​បញ្ជាក់​ការ​ប្រែ​ប្រួស​អាកាសធាតុ ការប៉ាន់ប្រមាណ​អំពី​ទំហំ​នៃ​ហានិភ័យ​ហិញ្ញ​វត្ថុ ទាក់ទិន​អាកាសធាតុ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង” ។ លោកស្រី​បន្ថែមថា “ភាពមិនប្រាកដប្រជា​នេះ គួរតែ​មិនអាច​រារាំង​ការវិនិយោគ ប្រកបដោយ​ការប្រុងប្រយ័ត្ន លើ​ការអនុវត្ត​ការគ្រប់គ្រង​ហានិភ័យ​នោះឡើយ ក្នុងពេល​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ” ។

ពេលនេះ​លោកស្រី កំពុងតែ​ដឹកនាំ​កិច្ចប្រឹងប្រែង របស់​ធនាគារកណ្ដាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់ថា តើ​ធនាគារកណ្ដាល​មួយ​នេះ គួរ​ដាក់បញ្ចូល​ការពិចារណា​អំពី​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​ប្រតិបត្តិការ​នានា និង​ការគ្រប់គ្រង​របស់ខ្លួន​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​តាម​វិធី​ណា។

អាកាសធាតុ​ដ៏​កំណាច បាន​បង្ក​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច។ ជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ ព្យុះ​ព្រិល​ទឹកកក​ដ៏​កំណាច កំពុង​ធ្វើឱ្យ​ស្ទះ​ការផ្គត់ផ្គង់​ថាមពល នៅក្នុង​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here