ដោយៈ ម៉ាណេត
សឹង្ហបុរីៈ ក្រុមគ្រួសាររស់នៅលំនៅដ្ឋានសាធារណៈនៅសិង្ហបុរី នឹងទទួលបានកញ្ចប់ប្រាក់ជំនួយពិសេសមួយពី១២០ ទៅ ២០០ដុល្លារសិង្ហបុរីនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកម្មពិធីកញ្ចប់ថវិកាទ្រទ្រង់ ដល់គ្រួសារចំនួន ៩០០លានដុល្លារសិង្ហបុរី (ជាង៦៧៦លានដុល្លារអាមេរិក) សម្រាប់ជនជាតិសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីម្សិលម៉ិញ។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat បានប្រកាសកាលពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈកន្លងមកនេះថា មានការគាំទ្របន្ថែមទៀតដល់ក្រុមគ្រួសារ នៅក្នុងថវិកាជាតិ ឆ្នាំ២០២១ ដែលត្រូវហៅថា កញ្ចប់ថវិកាសម្រាប់អ្នកទាំងអស់ កាន់តែមានភាពរឹងមាំ ខណៈស្ថានភាពសេដ្ឋកិច្ចសិង្ហបុរី នៅមិនទាន់មានភាពប្រាកដប្រជា ចំពេលមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។
កម្មពិធីកញ្ចប់ថវិកាទ្រទ្រង់គ្រួសារ រួមបញ្ចូលទាំងការពន្យារពេល នៃការផ្តល់សេវាកម្ម និងបង្វិលសងវិញ ការបញ្ចូលទឹកប្រាក់ ២០០ដុល្លារសិង្ហបុរី នៅក្នុងគណនីអប់រំ សម្រាប់សិស្សម្នាក់ៗអាយុក្រោម២១ឆ្នាំ និងប័ណ្ណចំណាយ ១០០ដុល្លាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សហគមន៍ (CDC) សម្រាប់គ្រួសារសិង្ហបុរីទាំងអស់។
ប្រជាជនសិង្ហបុរី ដែលមានប្រាក់ចំណូលទាប និងមធ្យម ក៏នឹងទទួលបានការទូទាត់ជាសាច់ប្រាក់បន្ថែមចំនួន ២០០ដុល្លារសិង្ហបុរី ក្រោមគម្រោង GST Voucher។
នេះគឺជាកញ្ចប់ថវិកាទី៦ របស់ប្រទេសនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១។ លោក Heng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា កាលពីឆ្នាំមុនរដ្ឋាភិបាល បានដាក់ចេញកញ្ចប់ថវិកាចំនួន៥ ដែលនាំមកនូវ“ជំនួយ និងការគាំទ្រភ្លាម” ដល់គ្រួសារ និងកម្មករនៅក្នុងប្រទេស។
កញ្ចប់ថវិកាទាំង៥ រួមមានកម្មពិធីកញ្ចប់ថវិកាថែទាំ និងជំនួយ និងការទូទាត់សាមគ្គីភាព ដែលថវិកាទាំងពីរនេះ បានផ្តល់ការទូទាត់ជាសាច់ប្រាក់មួយដង ដល់ជនជាតិសិង្ហបុរី ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ៕