សិង្ហ​បុរី​ផ្ដល់​ថវិកា​បន្ថែម ៥,៤ពាន់​លាន​ដុល្លារ ដើម្បី​ជួយផ្ដល់​ការងារ​ដល់​ពលរដ្ឋរងគ្រោះ​ដោយសារ​កូ​វីដ

ដោយៈ​សុខុម

សិង្ហ​បុរី:  កម្មវិធី​កញ្ចប់​ថវិកា​គាំទ្រ SGUnited Jobs and Skills Package របស់​សិង្ហ​បុរី នឹង​ទទួលបាន​ថវិកា​បន្ថែមចំនួន ,៤ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (៤,០៧ ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយផ្ដល់​ការងារ​ដល់​ពលរដ្ឋ ចំនួន២០០.០០០នាក់​នៅ​ឆ្នាំនេះ ដែលជា​ក្រុម​ជនរងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ១៩ ។

ថវិកា​នេះ ក៏​ប្រើប្រាស់​ដើម្បី​ផ្តល់ឱកាស​ហាត់​ការ ព្រមទាំង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ចំនួន ៣៥.០០០នាក់។ នេះ​បើ​យោងតាម​លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី១៦ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល​ឱ្យដឹងថា កម្មវិធី​កញ្ចប់​ថវិកា​គាំទ្រ SGUnited ត្រូវបាន​បង្កើតឡើង​កាលពី​ខែឧសភា ឆ្នាំ២០២០ ដើម្បី​ជួយផ្ដល់​ឱកាស​ការងារ​ចំនួន ១០០.០០០ កន្លែង​ដល់​ពលរដ្ឋ​សិង្ហ​បុរី ដែល​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់ថា ពលរដ្ឋ​ដែល​ត្រូវបាន​ទទួលយក​ឱ្យចូល​បម្រើ​ការងារ ចូល​ហាត់​ការ និង​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ មាន​ចំនួន​សរុប​ជិត ៧៦.០០០ នាក់​គិត​ត្រឹម​ដំណាច់​ខែធ្នូ។

ស្របពេល​ក្រុមហ៊ុន និង​ឧស្សាហកម្ម​នានា កំពុងមាន​ការផ្លាស់ប្ដូ​រ​ឆ្ពោះទៅរក​កំនើន​យ៉ាង​ឆាប់រហ័ស ប្រជាជន​នឹងត្រូវ​ការ​ចំណេះដឹង និង​ជំនាញថ្មី។

លោក​លើកឡើង​បន្ថែមទៀតថា “ចំនួន​ថវិកា​ថ្មី​នេះ ដែល​បន្ថែម​ពីលើ​កញ្ចប់​ថវិកា​គាំទ្រ​ចំនួន៣ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (២,២៦ ពាន់​លាន​ដុល្លារ​អាមេរិក) ដែល​ឱ្យ​ផ្ដល់​កាលពី​ឆ្នៃ​មុន នឹង​ជួយផ្ដល់​ការងារថ្មីៗដល់​ពលរដ្ឋ​ជាច្រើន” ។

មួយ​ភាគ​ធំ​នៃ​ថវិកា​បន្ថែម​នេះ ពោលគឺ​ចំនួន៥,២ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (៣,៩២ ពាន់​លាន​ដុល្លារ) នឹង​ទុក​សម្រាប់​ការពង្រីក​គម្រោង Jobs Growth Incentive (JGI) (គ្រឿង​លើកទឹកចិត្ត​សម្រាប់​កំណើន​ការងារ) រយៈពេល៧ខែ។

បច្ចុប្បន្ន ស្ថិតក្រោម​គម្រោង JGI បណ្ដា​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ក្នុងស្រុក ចាប់ពី​ខែកញ្ញា ឆ្នាំមុន​ដល់​ខែកុម្ភៈ ឆ្នាំនេះ​នឹង​ទទួលបាន​ការឧបត្ថម្ភ​ធន២៥% នៃ​បៀវត្សរ៍​មិនទាន់​ហូតពន្ធ (Gross salary) ៥.០០០ដុល្លារ​សិង្ហ​បុរី (៣.៦៧៧ ដុល្លារ​អាមេរិក) សម្រាប់​ប្រាក់ខែ​ដំបូង​របស់​ពួកគេ។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងថា ដោយ​ពេលនេះ​គម្រោង​នេះ នឹង​បន្ត​រហូតដល់​ដំណាច់​ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន​នានា​នឹង​ទទួលបាន​ការឧបត្ថម្ភ​ធន លើ​ប្រាក់បៀវត្សរ៍​ចំនួន១២ខែ ។

លោក​បាន​បន្ថែមថា “ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិកចាស់ៗជនពិការ និង​អ្នក​ធ្លាប់​ជាប់ទោស នឹង​ទទួលបាន​ការឧបត្ថម្ភ​ធន លើ​ប្រាក់បៀវត្សរ៍​រហូតដល់ ១៨ ខែ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here