ធនាគារហត្ថានៅតែរក្សាជំហរយ៉ាងរឹងមាំដោយសម្រេចបានចំណូលជិត៥០លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ធនាគារ ហត្ថា ម.ក សម្រេចបានចំណូលសរុបមានចំនួន ២០០.៥៧៦.៧៨៤.០០០រៀល (ប្រមាណជាង៤៩លានដុល្លារ) ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ កើនឡើងចំនួន ៣៥.៤៦២.៥៧៦.០០០រៀល សើ្មនឹង ២១,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ របស់ធនាគារ ហត្ថា ដែលចេញផ្សាយនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឧញ៉ាហួត អៀងតុងប្រធានអគ្គនាយក ធនាគារ ហត្ថា បានថ្លែងបានថ្លែងនៅក្នុងរបាយការណ៍ថា ការពិតណាស់ នៅក្នុងឆ្នាំ២០២០នេះ ជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងអាជីវកម្មនានារបស់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា ទោះជាយ៉ាងនេះក្តី ធនាគារ ហត្ថា ម.ក អាចឆ្លងផុតពេលវេលាដ៏លំបាកមួយនេះ ដោយសម្រេចបានសមិទ្ធផលធំៗទៅតាមផែនការដូចជា៖ ការកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ សមតុល្យប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ និងប្រាក់ចំណេញលើសផែនការ គួរជាទីពេញចិត្ត រីឯឥណទានមិនដំណើរការស្ថិតនៅក្នុងកម្រិតហានិភ័យទាបល្អប្រសើរ។

លោកបានថ្លែងបន្តទៀតថា សមិទ្ធផល ដែលយើងទទួលបានទាំងអស់នេះ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ធនាគារ ហត្ថា ម.ក នៅតែរក្សាជំហរយ៉ាងរឹងមាំ និងឈានមុខគេនៅលើទីផ្សារហិរញ្ញវត្ថុកម្ពុជា។

លោកបានឱ្យដឹងទៀតថា យ៉ាងណាមិញ សូមអតិថិជន មេត្តាជ្រាបថា ធនាគារ ហត្ថា ម.ក មានផលិតផល /សេវាកម្មដូចជា ធនាគារហត្ថាចល័ត អេធីអឹម សន្សំផលច្រើន (HYSA) សេវាកម្មបែបធនាគារពាណិជ្ជ និងមានផលិតផល/សេវាកម្មទំនើបថ្មីៗ ដែលត្រូវដាក់បម្រើដល់អតិថននាពេលដ៏ឆាប់ខាង មុខ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ធនាគារ ហត្ថា ម.ក បានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ សម្រាប់ឱ្យអតិថិជនសប្បុរសជន និងបុគ្គលិកធនាគារ ហត្ថា ម.ក ទាំងអស់បរិច្ចាគថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវី១៩ ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

លោកបានមានប្រសាសន៍ទៀតថា នេះហើយ គឺជាសកម្មភាពមួយដ៏មានអត្ថន័យបំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។ បន្ថែមពីលើនេះ ធនាគារ ហត្ថា ម.ក បានចូលរួមបរិច្ចាគ ថវិកាជាប្រាក់រៀលចំនួន ២០០ ០០០ ០០០៛ (ពីររយលានរៀល) ផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាត ត្បាតជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ហត្ថា ម .ក បានទទួលលទ្ធផលល្អប្រសើរដូចខាងក្រោម៖
-សមតុល្យប្រាក់កម្ចីលើសផែនការតែចំនួន១១៥លានដុល្លារអាមេរិក។
-ប្រាក់បញ្ញើសន្សំលើសផែនការប្រមាណជិត១៧២លានដុល្លារអាមេរិក។
-ប្រាក់ចំណេញលើសផែនការប្រមាណជិត ១២ លានដុល្លារអាមេរិក។
-ឥណទានមិនដំណើរការគឺ០,៧០% ទាបជាងផែនការចំនួន១,៤២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here