អាជ្ញាធរ​ភ្នំពេញ​ជំរុញ​ការស្ថាបនា​អាង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ែក​ខាងត្បូង​ដើម្បី​សម្រួល​ដល់​ការវិនិយោគ

ដោយ ​ណែ​ត

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជំរុញ​ការដោះស្រាយ​ផលប៉ះពាល់​ចំពោះ​ការស្ថាបនា​អាង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ និង​ផលប៉ះពាល់​ពី​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ នានា​នៅ​ប៉ែក​ខាងត្បូង​ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ភាគខាងត្បូង​ភ្នំពេញ​ដែលជា​គម្រោង​របស់​ទីភ្នាក់ងារ JICA របស់​ជប៉ុន​គ្រោង​នឹង​ចាប់ផ្ដើម​ស្ថាបនា​ឡើង​នៅ​ខែមេសា​ឆ្នាំ ២០២១ខាងមុខនេះ ក្រោយពេល​ផលប៉ះពាល់​ត្រូវបាន​ដោះស្រាយ​បញ្ចប់​អស់​ជាមួយ​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាម​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា តំបន់​អភិវឌ្ឍន៍​ខាងត្បូង​រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋាភិបាល​កាត់​ដី​ប្រមាណ ១៩០ហិច​តា​ដើម្បី​ប្រគល់ជូន​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍ ហើយ​នៅ​សេសសល់ រាជរដ្ឋាភិបាល​ទុក​សម្រាប់​អភិវឌ្ឍន៍​ជា​អាង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត និង​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នានា ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោគិន និង​ត​ភ្ជាប់​ពី​តំបន់​នោះមក​កាន់​កណ្ដាល​រាជធានី​ភ្នំពេញ ។

អ្នកជំនាញ​នៃ​វិស័យ​អចលវត្ថុ​ជាច្រើន​បាន​សម្លឹង​មើលឃើញថា​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ កំពុង​ត្រូវប៉ាន់​ក្នុងការ​វិនិយោគ​និង​អភិវឌ្ឍន៍ ដោយមាន​គម្រោងធំៗមួយចំនួន​កំពុងអភិវឌ្ឍន៍​ដូចជា​គម្រោង​ផ្សារ​ទំនើប​ធំជាងគេ​នៅ​កម្ពុជា អ៊ី​អន​ម៉​ល៣ គម្រោង​អភិវឌ្ឍន៍​ព្រលាន​អន្តរជាតិ​ធំ​លំដាប់​ទី៤នៅលើ​ពិភពលោក​ក៏​កំពុង​សាងសង់ និង​គម្រោង​បុរី​លំនៅឋាន​ច្រើន​ទៀត​ក៏​បាននិងកំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នេះដែរ ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​លើកឡើងថា​តំបន់​ណា​ដែលមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅ​ទីនោះ​បាន ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​បណ្ដាក់ទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដើម្បី​សម្រួល​ដល់​ការវិនិយោគ​នានា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here