មហា​យក្ស​ចិន​ក្លាយជា​អ្នកវិនិយោគ​ធំ​បំផុត​ក្នុង​ពិភពលោក​លើ​អចលនទ្រព្យ​ឆ្លងដែន

ដោយៈ​សុខុម

ប្រទេស​ចិនៈ បណ្ដា​វិនិយោគិន​ចិន បាន​លៃ​ទុក​ថវិកា​រហូតដល់​ទៅ​ជាង២ទ្រី​លាន​ដុល្លារ​អាមេរិក សម្រាប់​ការវិនិយោគ និង​សំណង់​នៅ​បរទេស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sean Post ចុះផ្សាយ​កាលពី​ថ្ងៃទី១២ កុម្ភៈ។

យោងតាម Juwai IQI ដែលជា​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា ទិន្នន័យ​បាន​ពី​ប្រភព​ឧស្សាហកម្ម និង​រដ្ឋាភិបាល​បានបង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២០ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ចិន បាន​ទិញយក អចលនទ្រព្យ​ប្រភេទ​លំនៅដ្ឋាន​នៅ​បរទេស គិត​ជា​ទឹកប្រាក់​សរុប​ជាង ២០២,៨ពាន់​លាន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​បង្ហាញថា ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ ការវិនិយោគ​លើ​អចលនទ្រព្យ ពាណិជ្ជកម្ម​ឆ្លងដែន​របស់​ចិន មាន​ទំហំ​សរុប​មិនតិចជាង ១០៤,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឡើយ។

ឥណទាន​សាងសង់ និង​កិច្ចសន្យា​សាងសង់​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​ត្រូវបាន​បែងចែក​ជា​ប្រភេទ​ដាច់ដោយឡែក​ពីគ្នា។ ទិន្នន័យ​ដដែល​បង្ហាញថា ការចំណាយ​លើ​ការសាងសង់​អចលនទ្រព្យ បែប​ពាណិជ្ជកម្ម​មាន​ទំហំ​សរុប ៨៧,៣ ពាន់​លាន​ដុល្លារ​អាមេរិក គិតពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ ។

ដូច្នេះ​ការវិនិយោគ​របស់​ចិន លើ​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន ការវិនិយោគ​លើ​អចលនទ្រព្យ​ពា​ណិ​ញ្ជ​កម្ម និង​ការសាងសង់​អចលនទ្រព្យ​ពាណិជ្ជកម្ម នៅ​បរទេស​ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០២០ មាន​ទំហំ​សរុប​មិនតិចជាង ៣៩៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក ឡើយ។ ដោយសារ​សមត្ថ​ភាពមិន​ពេញលេញ នៅក្នុង​ការតាមដាន​រាល់​ការវិនិយោគ ទំហំ​វិនិយោគ​សរុប ជាក់ស្ដែង​ប្រហែលជា​ខ្ពស់ជាង​នេះ​ឆ្ងាយ។

ប្រទេស​ចិន គឺជា​ប្រភព​ធំ​បំផុត​នៃ​អ្នកវិនិយោគ​អចលនទ្រព្យ ផ្នែក​លំនៅដ្ឋាន​ឆ្លងដែន​ក្នុង​ពិភពលោក។ បណ្ដា​វិនិយោគិន​ចិន បានធ្វើឱ្យ​ទីផ្សារ និង​គំរូ​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ទ្វីប​ទាំងអស់។

ទោះជា​យ៉ាងណា ការវិនិយោគ​លើ​អចលនទ្រព្យ ផ្នែក​លំនៅដ្ឋាន​ឆ្លងដែន​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​មជ្ឈដ្ឋាន​មួយចំនួនធំ​ព្រួយបារម្ភ​ឡើយ។ ការវិនិយោគ​គួរតែ​ងើប​ឡើងវិញ​ខ្លាំង ខណៈ​ការឆ្លង​រាតត្បាត​ថមថយ ហើយ​សេដ្ឋកិច្ច​របស់​ចិន កំពុង​បន្ត​ងើបឡើង​ពី​ការធ្លាក់ចុះ​នៅ​ដើមឆ្នាំ២០២០ ។

ការទិញ​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ឆមាស​ទី១ ដើមឆ្នាំ២០២០ នៅពេល​គម្រោង​ទិញ​ជាច្រើន​ត្រូវបាន​លុបចោល ឬ​ពន្យារពេល​ដោយសារ​ស្ថាន​ភាពមិនប្រាកដប្រជា បង្កឡើង​ដោយ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល ការវិនិយោគ​សរុប​បាន​ងើបឡើង​ឆាប់រហ័ស ជាង​ការរំពឹងទុក​ដោយសារ​កត្តា​ចំនួន២ ។ កត្តា​ទី១ គឺ​ដោយសារ​អតិថិជន មាន​សុទិដ្ឋិនិយម​ខ្លាំង​ជាង​មុន នៅពេល​សេដ្ឋកិច្ច​របស់​ចិន​បាន​ងើបឡើង​វិញ ហើយ​ពលរដ្ឋ​ស៊ាំ​នឹង​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ កត្តា​ទី២ ការឆ្លើយតប​ឆាប់រហ័ស នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ចំពោះ​បម្រាម​ធ្វើដំណើរ។

ក្រុមហ៊ុន​នានា ដូចជា ក្រុមហ៊ុន Juwai IQI ជាដើម​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​ធ្វើឱ្យ​អ្នកទិញ​អាច​ស្រាវជ្រាវ ពិនិត្យ​ផ្ទៀងផ្ទាត់​ចរចា ទិញ និង​គ្រប់គ្រង​អចលនទ្រព្យ​នៅ​បរទេស​តាម​អន​ឡាញ​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here