ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​បណ្តា​ប្រទេស EAEU សម្រេចបាន​ទំហំ​ទឹកប្រាក់ជាង ៦៧លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) ក្នុង​ឆ្នាំ២០២០ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ៦៧,៣៧លាន​ដុល្លារ កើនឡើង​ជាង ១៨ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ ដែលមាន​ទំហំ​ទឹកប្រាក់ ៥៦,៩៨លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រសួងពាណិជ្ជកម្ម។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំ​ចេញពី​កម្ពុជា ទៅ​ទីផ្សារ EAEU មាន​ទំហំ​ទឹកប្រាក់៥២,១៩លាន​ដុល្លារ កើន ០,៧៣ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៩ ដែលមាន​ទំហំ​ទឹកប្រាក់ ៥១,៨១លាន​ដុល្លារ ខណៈ​ការចូល​ទំនិញ​របស់ EAEU មកកាន់​កម្ពុជា​មានតម្លៃ១៥,១៨លាន​ដុល្លារ កើនឡើង ១៩៣,៥៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ការសិក្សា​មួយ​បាន​បង្ហាញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី បង្ហាញ​ពី​កាលានុវត្តភាព ឈ្នះ-ឈ្នះ​សម្រាប់​កម្ពុជា បន្ទាប់ពី​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ អស់​រយៈពេល​ជា​យូរ​មក​នោះ។

ការសិក្សា​បានបង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី នឹង​នាំឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម ពង្រីក​សេវាកម្ម និង​ការអភិវឌ្ឍ​សេវាកម្មថ្មីៗបន្ថែមទៀត។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បាន​លើកឡើងថា តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី នឹង​អាចឱ្យ​ភាគី​ទាំងពីរ បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​លើ​ទំនិញ សេវា និង​វិនិយោគ។

លោក​បន្តថា “កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី មាន​ផល​វិជ្ជមាន​មកលើ​សេដ្ឋកិច្ចកម្ពុជា និង​អនុញ្ញាតឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បន្ថែម តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​ពិភពលោក” ។

EAEU គឺជា​សហព័ន្ធ​សេដ្ឋកិច្ច​មួយ ដែល​តំណាងឱ្យ​ប្លុក​ប្រទេស​ចំនួន៥ មានដូចជា​រុស្ស៊ី អា​មេ​នី បេឡា​រុស កា​ហ្សា​ក់​ស្ថាន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ហើយ​ប្លុក​នេះ​មាន​ប្រជាជន​សរុប​ជាង ១៨៤លាន​នាក់ គិត​ត្រឹម​ឆ្នាំ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា​ជាង ៤,៧ទ្រី​លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here