ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​ប​នៅ​អាមេរិក​ស្នើរ​រដ្ឋការ​លោក​ចូ បៃ​ឌិន ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​រោងចក្រ​នានា

ដោយ: សុខុម

សាន ហ្វ្រា​ន​ស៊ី​ស្កូ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ កុម្ភៈ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​មួយក្រុម​របស់​សហរដ្ឋ​អាមេរិក បានដាក់​ញត្តិ​មួយច្បាប់​ជូន​ប្រធានាធិបតី​លោក ចូ បៃ​ឌិន ដើម្បី​ជំរុញ​ឱ្យ​លោក​ផ្ដល់ “ជំនួយ​មូលនិធិ​ជា​គ្រឿង​លើកទឹកចិត្ត សម្រាប់​ការផលិត​បន្ទះ​ឈី​ប” ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ស្ដារ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNA ឱ្យដឹងថា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​បធំៗរបស់​សហរដ្ឋអាមេរិក ដូចជា​ក្រុមហ៊ុន Intel ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Micron Technology និង​ក្រុមហ៊ុន Advanced Micro Devices ជាដើម​បាន​ចុះហត្ថលេខា​លើ​ញត្តិ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ញត្តិ​នេះ​ធ្វើឡើង ខណៈ​កង្វះខាត​បន្ទះ​ឈី​ប​ទូទាំង​ពិភពលោក​បានធ្វើឱ្យ​ខ្សែសង្វាក់​រោងចក្រ​នៅ​ក្រុមហ៊ុន Ford Motor និង​ក្រុម General Motors រាំងស្ទះ​ដំណើរការ ហើយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង២ ខាងលើ​បាន​ព្យាករ​ថា​នឹង​បាត់បង់​ប្រាក់ចំណេញ​រាប់ពាន់​លាន​ដុល្លារ។

ការផ្គត់ផ្គង់​បន្ទះ​ឈី​ប​មាន​កម្រិត បានធ្វើឱ្យ​អតិថិជន​ពិបាក​យ៉ាងខ្លាំង នៅក្នុង​ការទិញ​បន្ទះ​ឈី​ប​ហ្គេម​ដ៏​ពេញនិយម​ដូចជា Xbox របស់​ក្រុមហ៊ុន Microsoft និង Playstation របស់​ក្រុមហ៊ុន Sony ជាដើម។

បន្ទះ​ឈី​ប​ទាំងនេះ​ភាគច្រើន​ផលិត​នៅក្នុង​ប្រទេស​នានា​ដូចជា​កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់ ជាដើម។ ញត្តិ​ផ្ញើជូន​សមាគម​ឧស្សាហកម្ម​បន្ទះ​ឈី​ប (Semiconductor Industry Association) បាន​គូសបញ្ជាក់ថា ចំណែក​ទីផ្សារ​ផលិត​បន្ទះ​ឈី​ប របស់​ស​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី៣៧% ក្នុង​ឆ្នាំ១៩៩០ មក​នៅត្រឹម១២% គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែកុម្ភៈ។

ក្រុម​នេះ​បានឱ្យដឹងថា “កត្តា​នេះ ភាគច្រើន​ដោយសារ​រដ្ឋាភិបាល នៃ​បណ្ដា​ក្រុមហ៊ុន​ប្រកួតប្រជែង​ទូទាំង​ពិភពលោក ផ្ដល់​គ្រឿង​លើកទឹកចិត្ត និង​ការឧបត្ថម្ភ​ធន​ច្រើន ដើម្បី​ទាក់ទាញ​រោងចក្រ​ផលិត​បន្ទះ​ឈី​បថ្មីៗ ខណៈ​សហរដ្ឋអាមេរិក អត់​មាន” ។

កាលពី​ឆ្នាំមុន សភា​អាមេរិក បានអនុញ្ញាត​ឱ្យ​ផ្ដល់​ការឧបត្ថម្ភ​ធន សម្រាប់​ការផលិត និង​ការស្រាវជ្រាវ​បន្ទះ​ឈី​ប ប៉ុន្តែ​ក្រុម​សមាជិកសភា​នៅតែ​ត្រូវ​សម្រេច​ថា តើ​ជំនួយ​មូលនិធិ​ប៉ុន្មាន ដែល​ត្រូវ​ផ្ដល់ឱ្យ។ ក្រុម​នេះ​បាន​ជំរុញ​ឱ្យ​លោក ចូ បៃ​ឌិន ផ្ដល់ជំនួយ​មូលនិធិ​ក្នុង​ទម្រង់​ជា​ហិរញ្ញប្បទាន​ឥត​សំណង(Grant) ឬ​ឥណទាន​ពន្ធ (Tax credit)។

ក្រុម​នេះ​បាន​គូសបញ្ជាក់ថា “ដោយ​ធ្វើការ​ជាមួយ​សភា រដ្ឋការ​របស់លោក​នៅ​ពេលនេះ​មានឱកាស​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការផ្ដល់​ជំនួយ​មូលនិធិ​ដល់​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ ដើម្បីឱ្យ​វា​ក្លាយជា​ការពិត។ យើង​ជឿថា ត្រូវមាន​វិធានការ​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកយើង។ ការមិន​ចាត់វិធានការ​នឹង​បង្ក​ការខាតបង់​ខ្ពស់​ណាស់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here