ការសិក្សាបង្ហាញថា ស្ត្រីមានលទ្ធភាពទទួលបានឥណទានខ្ពស់ជាងបុរសនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការសិក្សាជាច្រើនរបស់ស្ថាប័នហិរញ្ញវត្ថុ បានបង្ហាញថា នៅកម្ពុជា អត្រាស្ត្រីទទួលបានឥណទានមានច្រើនជាងអត្រាបុរស ខណៈរបាយការណ៍របស់សមាគមសហគ្រិនស្ត្រីកម្ពុជាក៏បានបង្ហាញថាស្ត្រីជាសហគ្រិនក៏មានចំនួនច្រើនជាងបុរសជាសហគ្រិនដែរ។

យោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះ បានបង្ហាញថា លទ្ធភាពទទួលបានឥណទានរបស់ស្រ្តីមានអត្រា៥៤% ខ្ពស់ជាងបុរសបន្តិចដែលមាន៤៦% នៃចំនួនអតិថិជនកម្ចីសរុប ប៉ុន្តែទំហំឥណទានជាមធ្យមរបស់ស្រ្តីមានកម្រិតទាបប្រមាណ ៥១០០ដុល្លារអាមេរិក បើធៀបនឹងចំនួនឥណទានជាមធ្យមរបស់បុរសប្រមាណ ៦៣០០ដុល្លារអាមេរិក។

មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បង្ហាញថា ទោះបីជាបរិយាបន្នហិរញ្ញវត្ថុមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទស្សវត្យចុងក្រោយនេះ ក៏ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅមានបញ្ហាប្រឈមមួយចំនួន ពិសេសសម្រាប់ស្រ្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករ័ត្ន សុវណ្ណនរៈអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិនស្រ្តីក្នុងសម័យកាលកូវីដ១៩” កាលពីពេលថ្មីៗនេះថា ស្រ្តីដែលជាសហគ្រិនតែងតែប្រ ឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មរបស់ខ្លួន ដូចជាបញ្ហាផ្នត់គំនិតបែបប្រពៃណី កង្វះព័ត៌មានអំពីសេវា និងផលិតផលហិរញ្ញវត្ថុ មិនមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវនានា និងខ្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ។

លោកបន្តថា ធនាគារនឹងជំរុញបន្ថែមឱ្យស្ត្រីកាន់តែទទួលបាន ឥណទានក្នុងការប្រើប្រាស់សម្រាប់អាជីវកម្ម និងមុខរបរ ហើយរដ្ឋាភិបាលក៏ ដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥” ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុផងដែរ ដោយបានកំណត់គោលដៅ “ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here