ប្រតិបត្តិករក្នុងវិស័យមីក្រូហិរញ្ញវត្ថុ៖ ការផ្ដល់ឥណទានទៅក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ បណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាជាច្រើននៅតែផ្ដោតលើការផ្ដល់ឥណទានដល់វិស័យកសិកម្ម សម្រាប់បង្កើត និងពង្រីកអាជីវកម្ម បើទោះបីជាវិស័យកសិកម្មមានហានិភ័យខ្ពស់ ក្នុងការផ្ដល់ឥណទាន។

លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការផ្ដល់ឥណទាន របស់វិស័យមីក្រូហិរញ្ញវត្ថុ លើវិស័យកសិកម្មពិតជាមានហានិភ័យខ្ពស់ ប៉ុន្តែសម្រាប់មីក្រូហិរញ្ញវត្ថុជាច្រើននៅបន្តផ្ដោតលើការផ្ដល់ឥណទានរបស់ខ្លួន ទៅក្នុងវិស័យកសិកម្មដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “វិស័យកសិកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែពឹងផ្អែកលើទឹកភ្លៀង សម្រាប់ធ្វើស្រែចំការ ជាក់ស្ដែងតម្លៃស្រូវ ឬភោគផលស្រូវអាចថមថយទិន្នផល ឬធ្លាក់ចុះតម្លៃ ក៏ដោយសារតែកត្តាធម្មជាតិនេះដែរ”។

លោកបានថ្លែងបន្តថា ការផ្ដល់ឥណទានទៅក្នុងវិស័យកសិកម្ម ក៏ជាការរួមចំណែកមួយ ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភ នៅក្នុងប្រទេសកម្ពុជា ហើយជួយលើកស្ទួយ និងបង្កើនកំលាំងពលកម្ម នៅក្នុងប្រទេសកម្ពុជាមួយកម្រិតទៀតផងដែរ។

លោកបន្តទៀតថា ដើម្បីកាត់បន្ថយនូវហានិភ័យ នៃការផ្ដល់ឥណទានទៅក្នុងវិស័យកសិកម្មកាន់តែមានតិច យើងត្រូវការដៃគូ ដែលមានជំនាញលើកសិកម្ម ដើម្បីជួយដល់កសិករ និងអាជីវករក្នុងវិស័យកសិកម្ម ដើម្បីឱ្យពួកគាត់មានជំនាញ ក្នុងការធ្វើកសិកម្ម និងត្រូវរកទីផ្សារ សម្រាប់ផលិតផលកសិកម្មកម្ពុជា។

លោកហួត សុខាប្រធាននាយកប្រតិបត្តិសាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានមានប្រសាសន៍ថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បច្ចុប្បន្ន នៅតែផ្ដោតលើការផ្ដល់កម្ចីទៅវិស័យកសិកម្ម ក្នុងនោះឥណទានប្រមាណ៦០ភាគរយ នៃឥណទានសរុបរបស់អេអឹមខេ បានផ្ដល់ទៅលើវិស័យកសិកម្ម ហើយកសិករនឹងទទួលបានឥណទានពីអេអឹមខេ កាន់តែមានភាពងាយស្រួល បន្ទាប់ពីអេអឹមខេ បានចាប់ដៃគូជាមួយដៃគូអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ទោះបីជាវាមានហានិភ័យ ខ្ពស់យ៉ាងណាក្ដី តែគ្រឹះស្ថាននៅតែបន្តផ្ដល់ហិរញ្ញវត្ថុដល់វិស័យនេះដើម្បីពង្រីកបន្ថែមទៀត ក្នុងពេលវិស័យកសិកម្ម នៅតែជាវិស័យស្នួល សម្រាប់សេដ្ឋកិច្ច និងបានជួយរកចំណូលយ៉ាងច្រើនដល់កសិករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here