បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​អាស៊ី បង្កើន​ការផលិត​ដើម្បី​បំពេញតម្រូវការកើនឡើង​ខ្លាំង

ដោយៈ​សុខុម

តៃប៉ិ / សេ​អ៊ូ​ល:  បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​អាស៊ី កំពុងតែ​សម្រុក​ផលិត​បន្ទះ​ឈី​ប ដើម្បី​បំពេញតម្រូវការ​របស់​របស់​ពិភពលោក ដែល​កំពុង​ខ្វះខាត​ខ្លាំង ជាពិសេស​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ទាំងនោះ​ព្រមាន​ថា ទម្រាំ​តែ​អាចបំពេញ​ការផ្គត់ផ្គង់​ឱ្យទាន់​សភាពការណ៍ គឺ​ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី៨ កុម្ភៈ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន រួមមាន​ក្រុមហ៊ុន General Motors ក្រុមហ៊ុន Stellantis រហូតដល់​ក្រុមហ៊ុន Honda Motor កំពុង​បិទ​ខ្សែសង្វាក់​ដំឡើងរថយន្ត​របស់ខ្លួន​ជា​បណ្ដោះអាសន្ន ដោយសារ​ការខ្វះខាត​ប​ន្ទះ​ឈី​ប ដែល​ក្នុង​ករណីខ្លះ​មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​លើ​បណ្ដា​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ចិន។ ក្រុមហ៊ុន​ខ្លះ​ថែមទាំង​បាន​ជម្រុះ​បុគ្គលិក​ចោល​ទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រ​ផលិត​បន្ទះ​ឈី​ប ដែល​ភាគច្រើន​គ្រប់គ្រង ដោយ​ក្រុមហ៊ុន​នៅ​តំបន់​អាស៊ី រួមមាន​ក្រុមហ៊ុន​តៃវ៉ាន់ Taiwan Semiconductor Manufacturing Co Ltd (TSMC) និង​ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Hynix ផង​នោះ​កំពុង​ជួប​ការលំបាក​ខ្លាំង ដោយសារ​ខ្វះ​ការវិនិយោគ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ភាគច្រើន​នៃ​រោងចក្រ​បែបនេះ​ធ្លាប់តែ ផលិត​បន្ទះ​ឈី​ប​រថយន្ត។

តម្រូវការ​បន្ទះ​ឈី​ប​នៅក្នុង​ប្រទេស​ចិន ជាពិសេស​សម្រាប់​ផលិត​រថយន្ត​បាន​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វីដ-១៩ យ៉ាង​ឆាប់រហ័ស​នឹកស្មាន​មិន​ដល់ ហើយ​ការបញ្ជាទិញ សម្រាប់​ផលិតផល​អេឡិចត្រូនិក ដូចជា កុំព្យូទ័រ​យួ​ដៃ (Laptop) និង​ទូរស័ព្ទដៃ​ជាដើម នៅក្នុង​តំបន់ ដែល​កំពុង​ជួប​ការលំបាក​នៅឡើយ ដោយសារ​ការ​រឹតបន្តឹង ដើម្បី​ទប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដូចជា​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​នោះ​ក៏បាន​កើនឡើង​ផងដែរ។

លោក Zhao Haijun នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​បំផុត​របស់​ចិន Semiconductor Manufacturing International Corp (SMIC) ដែល​កាល​ពីស    ប្ដា​ហ៍​មុន បានប្រកាស​ផែនការ​បង្កើន សមត្ថភាព​ផលិត​បន្ទះ​ឈី​ប​នៅ​ឆ្នាំនេះ​និយាយថា “យើង​កំពុង​រង​សម្ពាធ​ខ្លាំង​នៅពេលនេះ” ដែល​នេះ​ដោយសារ​ការ​សម្រុក​ផលិត ដើម្បី​ឱ្យទាន់​តម្រូវការ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​បាន​ព្រមាន​ថា ការបង្កើន​សមត្ថភាព​ផលិត​នឹង​មិនអាច​ធ្វើបានភ្លាមៗឡើយ ដោយសារ​សង្វាក់​ផ្គត់ផ្គង់​រអាក់រអួល ព្រោះតែ​ទណ្ឌកម្ម​ដាក់​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។

TSMC ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប ធំ​បំផុត​របស់​ពិភពលោក​និយាយថា ខ្លួន​កំពុងតែ “ព​ន្លឿ​ន” ការផលិត​នូវ​ផលិតផល​ទាក់ទិន​នឹង​រថយន្ត ហើយ​ពេលនេះ​គ្រោង​បង្កើន​ការចំណាយ​លើ​ផលិតកម្ម និង​ការអភិវឌ្ឍ​បន្ទះ​ឈី​ប​ជឿនលឿន​ចន្លោះ​ពី ២៥ ពាន់​លាន​ដុល្លារ​អាមេរិក ទៅ២៨ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ ពោលគឺ​ខ្ពស់ជាង ៦០% បើ​ធៀប​នឹង​ចំនួន ដែល​ខ្លួន​បាន​ចំណាយ​ក្នុង​ឆ្នាំ២០២០ ។

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​តៃវ៉ាន់ មួយទៀត​United Microelectronics Corp (UMC) គ្រោង​ចំណាយ១,៥ពាន់​លាន​ដុល្លារ លើ​ឧបករណ៍​ផលិត​បន្ទះ​ឈី​ប​ថ្មី គឺ​កើនឡើង៥០% បើ​ធៀប​នឹង១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​ចំណាយ​កាលពី​ឆ្នាំមុន។

SK Hynix ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ម៉េ​ម៉ូ​រី (Memory) ធំ​បំផុត​ទី២របស់​ពិភពលោក​និយាយថា ខ្លួន​នឹង​ព​ន្លឿ​ន​ផែនការ​រើ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប រថយន្ត​របស់ខ្លួន​ទៅ​ប្រទេស​ចិន ដែល​អាច​កាត់បន្ថយ​ថ្លៃ​ដើម​បាន​ច្រើន។ ក្រុមហ៊ុន​នេះ​ចង់​រើ​រោងចក្រ​របស់ខ្លួន​ទៅ​ចិន ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ជប៉ុន Renesas Electronics Corp បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី៨ កុម្ភៈ​ថា ខ្លួន​កំពុង​ចរចា ដើម្បី​ទិញយក​ក្រុមហ៊ុន​បន្ទះ​ឈី​ប​អង់គ្លេស-អាល្លឺម៉ង់ Dialog Semiconductor ក្នុងតម្លៃ៦ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ជប៉ុន​មួយ​នេះ កំពុង​សម្លឹង​ចាប់​ឱកាស​ពង្រីក​អាជីវកម្ម ក្នុងពេល​តម្រូវការ​ប​ន្ទះ​ឈី​ប​ផលិត​រថយន្ត​កំពុងតែ​កើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here