កំណើន​វិនិយោគ​របស់​ជប៉ុន​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ដទៃទៀតក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការកើនឡើង​នៃ​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ជំរុញ​វិនិយោគ​បរទេស​ដទៃទៀត​ឱ្យមាន​ទំនុកចិត្ត ក្នុងការ​មក​បណ្តាក់ទុន​នៅ​កម្ពុជា វិនិយោគិន​លើ​ពិភពលោក​ទទួលស្គាល់​ហើយ​ថា នៅពេល​វិនិយោគិន​ជប៉ុន​វិនិយោគ ក្នុងប្រទេស​ណាមួយ នោះ​ជាស​ញ្ញា​ល្អ ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ដទៃទៀត។

លោក​ហុង វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងប្រាប់​កាល​ចុង​សប្តាហ៍​កន្លងមកនេះ វិនិយោគិន​ជប៉ុន ជាម​ធម្មតា ទាមទារ​នៅ​លក្ខខណ្ឌ​ចំនួន​មួយ ក្នុង​ទី១ គឺ​តម្លាភាព និង​ទី២គឺ​ភាពច្បាសលាស់​លើ​ច្បាប់​វិនិយោគផ្សេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ទៀតថា “ទាំងនេះ​គឺ​អ្វីដែល​វិនិយោគិន​ជប៉ុន​ចង់បាន ហើយ​បើសិនជា​កម្ពុជា​ធ្វើបាន ទៅលើ​ចំណុច​ទាំងនេះ យើង​សង្ឃឹមថា ការវិនិយោគ​របស់​ជ​ប៉ុន នឹងមាន​ការកើនឡើង​បន្ថែម​នៅ​កម្ពុជា និង​ការ​កាន់​ប្រសើរឡើង លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ” ។

លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​បន្តទៀតថា ជាពិសេស ច្បាប់​វិនិយោគ​ថ្មី ដែល​គ្រោង​ចេញ​នៅ​ខែមេសា ខាងមុខនេះ និង​អម​ជាមួយនឹង​តុលាការ​ពាណិជ្ជកម្ម ត្រូវ​ជំរុញឱ្យមាន​ដំណើរការ​រលូន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគ​បរទេស ជាពិសេស​ភាគី​ជប៉ុន ដែលជា​ដៃគូ​ល្អ​ជាមួយ​កម្ពុជា។

លោក​បាន​ឱ្យដឹងទៀតថា នៅពេល​វិនិយោគិន​ជប៉ុន​កើនឡើង​នៅ​កម្ពុជា វា​អាច​បង្កើតជា​អត្តសញ្ញាណ​មួយ​ល្អ សម្រាប់​វិនិយោគ​បរទេស​ដទៃទៀត មាន​ទំនុកចិត្ត ក្នុងការ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​ប្រជាជន​លើ​ពិភពលោក គេ​ទទួលស្គាល់​ហើយ​ថា នៅពេល​វិនិយោគិន​ជប៉ុន វិនិយោគ​ក្នុងប្រទេស​ណាមួយ នោះ​ជាស​ញ្ញាណ​មួយ ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ដទៃទៀត។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ​បាន​ថ្លែង​កាល​ដើមខែ​នេះ​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ ១៩៥៣មកម្ល៉េះ រហូតមកដល់​ឆ្នាំ២០១៣កន្លងទៅ កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។

លោក​ថ្លែងបន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្តថា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច រវាង​អាស៊ាន និង ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

វិនិយោគិន​ជប៉ុន បាន​បោះទុន​វិនិយោគ​ជាង ២៧៩២លាន​ដុល្លារ នៅ​កម្ពុជា​ក្នុង​រយៈពេល២៧ឆ្នាំ​ចុងក្រោយ គិត​ចាប់​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០២០ ដោយបាន​ចូលរួមចំណែក​យ៉ាង ក្នុងការ​បង្កើត​ការងារ​ជាច្រើន​កន្លែង ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here