NBC ជំរុញធនាគារពាណិជ្ជផ្ដល់កម្ចីដល់ស្ត្រីឱ្យបានច្រើនដើម្បីប្រើប្រាស់ក្នុងសហគ្រាសនិងអាជីវកម្ម

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ជំរុញឱ្យធនាគារពាណិជ្ជផ្ដល់កម្ចីដល់ស្ត្រី ឱ្យបានច្រើន ដើម្បីប្រើប្រាស់​ក្នុងការពង្រីកសហគ្រាស និងអាជីវកម្ម ហើយបានដាក់ផែនការកាត់បន្ថយអត្រាស្ត្រី ដែលមិនទទួលបាន​ឥណទានពី២៧ភាគរយនាពេលបច្ចុប្បន្ន មកនៅត្រឹម១៣ភាគរយនៅពេលឆាប់ៗខាងមុខនេះ។

យោងតាមរបាយការណ៍របស់ធនាគារនៃកម្ពុជាបង្ហាញថា ក្នុងដំណាក់កាល នៃការរីករាលនៃជំងឺកូវីដ១៩ ឥណទានដែលផ្ដល់ជូនទៅស្ត្រី មានទំហំប្រាក់៤ពាន់លានដុល្លារអាមេរិក ហើយបើធៀបនឹងឆ្នាំ២០១៩ គឺមានការថយចុះមួយចំនួន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង បូមករាអគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថិតក្នុងពេលជំងឺកូវីដ១៩ ស្ត្រីទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រមាណ​៧០ម៉ឺននាក់ ក្នុងនោះមានស្ត្រីធ្លាប់ទទួលបានពីធនាគារមួយ ទៅយកនៅធនាគារមួយទៀតផងដែរ ហើយបើ​គិត​ជា​ទំហំឥណទានមានប្រមាណ៤,៣ពាន់លានដុល្លារអាមេរិក ហើយបើធៀបនឹងឆ្នាំ ២០១៩កន្លងទៅ ទំហំនេះមានការថយចុះប្រមាណ១២ ភាគរយ។

លោកបន្តថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ហើយការជំរុញឱ្យស្ត្រី ឬសហគ្រិនស្ត្រីទទួល​បានសេវាហិរញ្ញវត្ថុជាកត្តាសំខាន់មួយ ជួយគំាទ្រដល់សេដ្ឋកិច្ចកម្ពុជា។

លោកបានថ្លែងថា “ស្ត្រី ដែលទទួលបានសេវាហិរញ្ញវត្ថុច្រើន មាននៅភ្នំពេញ ដោយមានអត្រា ១១,៣០ភាគរយ ខេត្តកណ្តាលមាន៨,២៤ភាគរយ ខេត្តកំពង់ស្ពឺ៧,៣២ភាគរយ ខេត្តតាកែវមាន៦,៨៥ភាគរយ និងខេត្តសៀមរាប​ប្រមាណ៦,៨៣ភាគរយ។

បន្ថែមលើសពីនេះឥណទាន ដែលស្ត្រីទទួលបានយកប្រើ នៅក្នុងអាជីវកម្ម មាន៤៩ភាគរយ ឥណទានផ្ទាល់​ខ្លួនមាន២៨ភាគរយ និងឥណទានសម្រាប់សង្គម១៧ភាគរយ។

យោងតាមរបាយការណ៍ របស់មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បង្ហាញថា ទោះបីជាបរិយាបន្នហិរញ្ញវត្ថុមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទស្សវត្យចុងក្រោយនេះ ក៏ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅមានបញ្ហាប្រឈមមួយចំនួន ពិសេសសម្រាប់ស្រ្តី។

ទោះបីជាតួរលេខបានបង្ហាញថាស្រ្តី និងបុរស មានលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ប៉ុន្តែគម្លាតនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរវាងបុរសនិងស្រ្តី ស្ថិតនៅដាច់ឆ្ងាយពីគ្នា ។

នៅក្នុងប្រទេសកម្ពុជា មូលនិធិ UNCDF បានរកឃើញថាគណនីប្រាក់បញ្ញើប្រមាណ៧០ភាគរយ គឺជាគណនីអសកម្ម ដែលមានសមតុល្យតិចតួចបំផុត ហើយភាគច្រើននៃគណនីទាំងនេះ គឺជារបស់ស្រ្តី។

លោកស្រីឧកញ៉ាកែវ មុំអគ្គនាយិកាក្រុមហ៊ុនលីលី ហ្វូត អ៊ីនដាស់ស្ទ្រី បានឱ្យដឹងថា បច្ចុប្បន្នេះ ស្ត្រីជាសហគ្រិននៅកម្ពុជា មានច្រើនជាងបុរសជាសហគ្រិន ហើយអ្វីដែលបញ្ហាចម្បងរបស់ស្ត្រី ក្នុងការពង្រីកអាជីវកម្មនោះ គឺហិរញ្ញវត្ថុ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានស្ថាប័នមួយចំនួនបានយកចិត្តទុកដាក់ លើស្ត្រីជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here