NBC: អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅតែបន្តមានស្ថិរភាព

ដោយ៖ សាវុធ

ភ្នំពេញ៖ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបន្តមានស្ថិរភាព ទោះជាបានថយថ្លៃបន្តិច ប្រមាណ០,៨ភាគរយ ធៀបនឹងឆ្នាំមុន ដោយមានកម្រិតជាមធ្យមក្នុងរង្វង់៤.០៩០រៀលក្នុងមួយដុល្លារ អាមេរិក (៤.០៦១រៀល ឆ្នាំមុន)។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC)។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការថយថ្លៃនេះមាននិន្នាការស្របនឹងស្ថានភាពក្នុងតំបន់ផងដែរ ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការថយចុះលំហូរមូលធនពីខាងក្រៅ។

ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ធនាគារជាតិនៃកម្ពុជាបានផ្គត់ផ្គង់ប្រាក់រៀល ទៅតាមស្ថានភាពទីផ្សារ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការស្រូបយកប្រាក់រៀល ដោយការបោះផ្សាយមូលបត្រអាចជួញដូរបាន (NCD )។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ ធនាគារជាតិនៃ កម្ពុជាក៏បានផ្អាកជាបណ្តោះអាសន្ន នៃការទិញប្រាក់ដុល្លារអាមេរិក ពីគ្រឹះស្ថានធនាគារនិងអាជីវករប្តូរប្រាក់ ព្រមទាំងបានដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកដល់ទីផ្សារទៀតផង។

អត្រាប្តូរប្រាក់ប្រសិទ្ធភាពពិតថ្លឹងតាមការនាំចូល (IREER) ត្រូវបានប៉ាន់ស្មានថា ថយចុះ -១,១ភាគរយ ដែលបានជួយបន្ទាបសម្ពាធអតិផរណាពីការនាំចូល ដោយសារអត្រាអតិផរណានៅប្រទេសដៃគូនាំចូលមានកម្រិតទាបជាងកម្ពុជា បើទោះជាអត្រាប្តូរប្រាក់ប្រសិទ្ធភាពនាមនាមថ្លឹងតាមការនាំចូល (INEER)” បានកើនឡើងបន្តិចក៏ដោយ។

ជាមួយគ្នានេះ INEER បានកើនឡើងបន្តិច០,៣ភាគរយ ដោយសារ រូបិយប័ណ្ណមួយចំនួន រួមមាន ប្រាក់យ៉ន់ចិន ដុងវៀតណាម ដុល្លារតៃវ៉ាន់ ដុល្លារហុងកុង និងយ៉េនជប៉ុន បានឡើងថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក គួបផ្សំនឹងការថយថ្លៃ នៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។

អត្រាប្តូរប្រាក់ប្រសិទ្ធភាពពិតថ្លឹងតាមការនាំចេញ (EREER) ត្រូវបានប៉ាន់ស្មានថាថយចុះ បន្តិច -០,៥ភាគរយ ដែលបណ្តាលមកពីអត្រាអតិផរណា នៅប្រទេសដៃគូនាំចេញមានកម្រិតទាបជាងកម្ពុជា បើទោះជាអត្រាប្តូរប្រាក់ប្រសិទ្ធភាពនាមនាមថ្លឹងតាមការនាំចេញ (ENEER) បានកើនឡើងក៏ដោយ។ ការថយចុះនៃអត្រា EREER បង្ហាញថា ឧត្តមភាពប្រកួតប្រជែងលើការនាំចេញរបស់កម្ពុជាថយចុះបន្តិច។

ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ច ធនាគារជាតិ នៃកម្ពុជាបានកំណត់ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២១ លើការអនុវត្តគោលនយោបាយរូបិយវត្ថុរួមមាន៖

ទី១) គ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឱ្យស្ថិតក្នុងកម្រិតសមស្រប។

ទី២) រក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីរួមចំណែកស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់សាធារណជន លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមយន្តការទីផ្សារ។

ទី៣) ជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារតាមរយៈការបង្កើតឧបករណ៍គោលនយោបាយរូបិយវត្ថុ ចាំបាច់ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here