ដោយ៖ លក្ខិណា
ភ្នំពេញ៖ លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានអ្នកដាក់ប្រាក់បញ្ញើសន្សំជាង២លាន៥សែននាក់ ហើយក្នុងនោះអតិថិជនប្រមាណ១,៧លាននាក់ បាននិងកំពុងប្រើប្រាស់អេបអេស៊ីលីដាម៉ូបាល។
លោកបន្តថា ធនាគារនឹងជំរុញឱ្យមានអតិថិជនដាក់ប្រាក់បញ្ញើសន្សំឱ្យបានដល់៣លាននាក់ ក្នុងពេលឆាប់ៗនេះ ហើយក៏ជំរុញឱ្យអតិថិជន ប្រើប្រាស់អេស៊ីលីដាម៉ូបាលអេបនេះ កាន់តែច្រើនឡើងថែមទៀតផង ខណៈក្នុងឆ្នាំ២០២០ អ្នកធ្វើប្រតិបត្តិការតាមអេបមានរហូតដល់៨២ភាគរយ ហើយអ្នកធ្វើប្រតិបត្តិការតាមបញ្ជរមានតែ១៨ភាគរយប៉ុណ្ណោះ។
លោកបានថ្លែងថា “យើងមានការជឿជាក់ខ្លាំង លើការជំរុញការលូតលាស់តាមមធ្យោបាយឌីជីថល ជាក់ស្ដែងក្នុងឆ្នាំ២០២០ អតិថិជនដែលប្រើប្រាស់បញ្ជរសម្រាប់ធ្វើប្រតិបត្តិការមានតែ១៨ភាគរយប៉ុណ្ណោះ ហើយអតិថិជន ដែលប្រើប្រាស់ម៉ូបាលអេប មានរហូតដល់៨២ភាគរយ”។
លោកបានបន្តទៀតថា “ការប្រើប្រាស់បច្ចេកវិទ្យាអេប កាន់តែច្រើនធ្វើឱ្យធនាគារត្រូវប្រើប្រាស់ធនធានកាន់តែតិច ហើយបុគ្គលិកអាចធ្វើការងារណាផ្សេងក្រៅពីរង់ចាំបម្រើនៅតាមបញ្ជរ”។
លោកស្រីសុខ វណ្ណនីនាយិកាសាខាបឹងត្របែកនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា អតិថិជន របស់ធនាគារអេស៊ីលីដា បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយដើម្បិឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ធនាគារត្រូវរកមធ្យោបាយជូនអតិថិជន។
លោកស្រីបានបន្តទៀតថា អេសីលីដាម៉ូបាល គឺជាជម្រើសដែលងាយស្រួលបំផុតសម្រាប់អតិថិជនរបស់ធនាគារ ក្នុងការប្រើប្រាស់ព្រោះវាមានសុវត្ថិភាព រហ័ស និងអាចធ្វើប្រតិបត្តិការនៅគ្រប់ពេលវេលា និងទីកន្លែង។ កំណើនអ្នកប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០កន្លងទៅឃើញថាមានសកម្មភាពកើនឡើងខ្ពស់ គឺក្នុងពេលដែលពិភពលោកជួបវិបត្តិនឹងជំងឺកូវីដ១៩ ដែលហាមប្រាមប្រជាជនក្នុងការប៉ះពាល់របស់រួមគ្នា ក្នុងនោះក្រដាសក៏អាចជាភ្នាក់ងារចម្លងមួយនៃជំងឺនេះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនហិរញ្ញវត្ថុវីសាកាតប្រចាំកម្ពុជា កន្លងមកធ្លាប់បានបង្ហាញពីនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់ ហើយភាគច្រើននៃអ្នកទូទាត់តាមបច្ចេកវិទ្យានេះដែរ គឺប្រជាពលរដ្ឋវ័យកណ្ដាលឬ យុវវ័យសម័យថ្មី ព្រោះពួកគេមានចំណេះដឹងស្រាប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ៕