ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់​មហា​យក្ស​ចិន​ចាប់ផ្ដើម​មាន​ភាព​តានតឹង​ជាមួយគ្នាកាន់តែខ្លាំង

ដោយៈ​សុខុម

ហុងកុង: ខណៈ​ប្រទេស​ចិន កំពុងតែ​បង្កើន​វិធានការ​បង្ក្រាប​របស់ខ្លួន ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ស្រាប់តែ​ក្រុមហ៊ុន​ចំនួន២ ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗបំផុត​របស់​ចិន​បានចាប់ផ្ដើម​ឈ្លោះ​ខ្លាំង។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី៣ កុម្ភៈ។

ក្រុមហ៊ុន TikTok ឬ​នៅ​ប្រទេស​ចិន ដែល​គេ​ស្គាល់​ថា Douyin ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ByteDance មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង បាន​ប្ដឹង​ក្រុមហ៊ុន​ចិន Tencent (TCEHY) កាលពី​ថ្ងៃ​អង្គារ ទី២ កុម្ភៈ ដោយ​អះអាងថា ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែលមាន​មូលដ្ឋាន​នៅ​ក្រុង Shenzhen ប្រទេស​ចិន​មួយ​នេះ​បាន​យក​ប្រៀប​លើ​គេ​ដោយ​ទុច្ចរិត ដើម្បី​ធាក់​គូប្រជែង​ឱ្យ​ខ្ទាត​ចេញពី​ទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន TikTok បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ ទី២ កុម្ភៈ តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ខ្លួន​បាន​បង្ហោះ​លើ​គណនី WeChat ផ្លូវការ​របស់ខ្លួន​ថា ខ្លួន​បានដាក់​ពាក្យបណ្ដឹង​ដោយ​ចោទប្រកាន់ថា App (កម្មវិធី) ផ្ញើ​សារ WeChat និង QQ របស់​ក្រុមហ៊ុន Tencent បាន​ហាម​អ្នកប្រើប្រាស់ មិនឱ្យ​បង្ហោះ​ចែករំលែក​ខ្លឹមសារ​ផូស (Post) ពី TikTok រយៈពេល ៣ឆ្នាំ។

សារព័ត៌មាន CNN Business មិនទាន់​បានឃើញ​ពាក្យបណ្ដឹង​នេះ​ដាក់​ទៅ​តុលាការ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង (Beijing Intellectual Property Court) នៅឡើយ​ទេ។ ទោះជា​យ៉ាងណា ស្ថាប័ន​ព័ត៌មាន​មួយចំនួន​រួមទាំង​កា​សែន​ចិន Beijing Daily ផង បាន​ចុះផ្សាយ​ថា TikTok បាន​ប្ដឹង​ទាមទារ​ឱ្យ​ក្រុមហ៊ុន Tencent ដក​ការ​រឹតបន្តឹង​លើ​ខ្លឹមសារ​ផូស​របស់ខ្លួន និង​សងជំងឺចិត្ត ៩០លាន​យ័ន (១៤ លាន​ដុល្លារ)។

អ្នកនាំពាក្យ​ក្រុមហ៊ុន TikTok បាន​ប្រាប់ CNN Business ថា “យើង​ជឿថា​ការប្រកួតប្រជែង​ល្អ​សម្រាប់​អ្នកប្រើប្រាស់ និង​ជួយ​លើកកម្ពស់​នវានុវត្តន៍​ថ្មី។ យើង​បានដាក់​ពាក្យបណ្ដឹង​នេះ ដើម្បី​ការពារ​សិទ្ធិ​របស់​យើង និង​សិទ្ធិ​នៃ​អ្នកប្រើប្រាស់​របស់​យើង”។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Tencent បាន​វាយបក​វិញភ្លាមៗ ដោយ​បញ្ជាក់​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន បង្ហោះ​លើ​គណនី WeChat ថា ខ្លួន​ក៏មាន​គម្រោង​ប្ដឹង​បក​ទៅ​ក្រុមហ៊ុន ByteDance វិញ​ដែរ។

គេ​ដឹងថា ក្រុមហ៊ុន ByteDance និង​ក្រុមហ៊ុន Tencent ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ធំ​បំផុត នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ចិន។ App WeChat របស់ Tencent មាន​អ្នកប្រើប្រាស់​សកម្ម ប្រចាំខែ​ជាង ១,២ ពាន់​លាន​នាក់ ហើយ App QQ របស់ខ្លួន​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជិត ៧០០លាន​នាក់។

ចំណែកឯ TikTok របស់ ByteDance មិនបាន​បញ្ចេញ​តួលេខ​អ្នកប្រើប្រាស់​ប្រចាំខែ​របស់ខ្លួន​ទេ ប៉ុន្តែ​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​ទទួលបាន​អ្នកប្រើប្រាស់​សកម្ម​ប្រមាណ៦០០លាន​នាក់​ជា​រៀងរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here