ដោយ: សុខុម
ភ្នំពេញ៖ បណ្ដាធនាគាររបស់កូរ៉េខាងត្បូង បានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនដែលបម្រើការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្ងំនៅតែផ្ទះ ហើយបានចាប់ផ្ដើមវិធានការសុវត្ថិភាពគ្រាអាសន្នគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ នៅពេលទទួលបានដំណឹងថា យោធាបានដណ្ដើមគ្រប់គ្រងប្រទេសជាសមាជិកអាស៊ាន មួយនេះដោយអំពើរដ្ឋប្រហារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald។
រដ្ឋប្រហារនេះនឹងធ្វើឱ្យរាំងស្ទះដល់ផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២១ របស់ធនាគារនានានៅក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងបណ្ដាសេដ្ឋកិច្ចអាស៊ាន ដើម្បីស្ដារការខាតបង់របស់ខ្លួនដែលបង្កឡើងដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
រហូតមកទល់ពេលនេះមានធនាគារក្នុងស្រុកចំនួន ១២ ហើយដែលបានហក់ចូលក្នុងទីផ្សារ។
ធនាគារកូរ៉េ KB Kookmin Bank ដែលស្ថិតក្នុងចំណោមធនាគារធំៗទាំង ៥ នៅប្រទេសមីយ៉ាន់ម៉ា និង ស្ថាប័នហិរញ្ញវត្ថុកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋដូចជាធនាគារ Industrial Bank of Korea និងធនាគារ Korea Development Bank សុទ្ធតែបានចាប់ផ្ដើមដំណើរការបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសនេះកាលពីខែមករា ឆ្នាំ២០២១។
កាលពីខែតុលា ឆ្នាំមុន ធនាគារ NH NongHyup Bank បានបង្កើតការិយាល័យដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងយ៉ង់ហ្គូន (Yangon) ដោយសង្ឃឹមថានឹងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសនេះ។
រយៈពេល ៥ ថ្ងៃមុនពេលផ្ទុះរដ្ឋប្រហារ ធនាគារ KB Kookmin Bank ទើបតែបានចាប់ផ្ដើមដំណើរការបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុណ្ណោះ ក្រោយពីចាប់ផ្ដើមដំណើរការការិយាល័យរបស់ខ្លួនក្នុងទីក្រុងយ៉ង់ហ្គូន តាំងពីឆ្នាំ២០១៣។ KB Kookmin Bank ជាធនាគារបរទេសទី១ ដែលទទួលបានអាជ្ញាប័ណ្ណអាជ្ញាធរហិរញ្ញវត្ថុមីយ៉ាន់ម៉ា ដើម្បីបង្កើតបុត្រសម្ព័ន្ធនៅក្នុងប្រទេសនេះ។
ធនាគារ KB Kookmin Bank មិនទាន់បានបញ្ជាឱ្យបុគ្គលិកធ្វើការពីផ្ទះនៅឡើយទេសម្រាប់បុគ្គលិកនៅក្នុងបុត្រសម្ព័ន្ធដែលប្រែក្លាយពីការិយាល័យរបស់ខ្លួន និងសាខា ព្រមទាំងស្ថានប័នមីក្រូហិរញ្ញវត្ថុប្រមាណ ២០ ទៀតនៅមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃអង្គារ ទី០២ កុម្ភៈ។ ទោះជាយ៉ាងណា ខ្សែទូរស័ព្ទពិសេសមួយរវាងស្នាក់ការកណ្ដាលនៅក្រុងសេអ៊ូល និងបុត្រសម្ព័ន្ធនៅមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងសម្រាប់ការឃ្លាំមើលស្ថានការណ៍យ៉ាងស្អិត។ នេះបើយោងតាមការទម្លាយដឹងពីគណៈគ្រប់គ្រងមួយរូបនៅធនាគារ KB Kookmin Bank។
ទន្ទឹមនឹងនេះដែរ ធនាគារ Industrial Bank of Korea (IBK) និងធនាគារ Korea Development Bank (KDB)ដែលគ្រប់គ្រងដោយរដ្ឋបានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះជាបណ្ដោះអាសន្នដោយសារព្រួយបារម្ភអំពីសុវត្ថិភាព។
ធនាគារ Industrial Bank of Korea ធនាគារ Hana Bank និងធនាគារ Nonghyup Bank ថែមទាំងបានសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នថែមទៀតផង។ ធនាគារ Shinhan Bank មានសាខាមួយនៅទីក្រុងយ៉ង់ហ្គូន ដែលបង្កើតឡើងក្នុងឆ្នាំ២០១៦ ធនាគារ Hana Bank ក៏ដំណើរការស្ថាប័នមីក្រូហិរញ្ញវត្ថុមួយដែរ ហើយធនាគារ Nonghyup Bank ក៏ដំណើរការស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសនេះផងដែរ៕