ស្ថាប័នធំៗចំនួន២សហការគ្នាពង្រីកលទ្ធភាពក្នុងការផ្តល់ជួនការការពារហិរញ្ញវត្ថុសម្រាប់ពលរដ្ឋកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា បានប្រកាសភាពជាដៃគូ​រវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជា​ឲ្យបាន​កាន់​តែទូលំទូលាយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាពជាដៃគូ ដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ នឹង​ពង្រីក​លទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ដើម្បីជួយ​ការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។

ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសម​សម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា តាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង។

នាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលត្រឹម​ត្រូវអាចជួយឲ្យយើងនាំយកផលិតផលពិសេសៗ និងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរ សម្រាប់អតិថិជនរបស់​យើង។

លោកបានថ្លែងទៀតថា ចាប់ពីថ្ងៃនេះតទៅ តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹង​អាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំ ដើម្បីជួយឲ្យពួកគេ​សម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង។

លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា នៅក្រុមហ៊ុន ព្រូដិនសល កម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។

ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុ​ជូនម្ចាស់បណ្ណសន្យា​រ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបាន​ជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍​អកុសលបាន​កើត​ឡើង។

លោកបានបន្តទៀត ជំងឺរាតត្បាតជាសកលកូវីដ-១៩ កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់​សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់​តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន ធនាគារបានដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការណែនាំដល់អតិថិជនអំពីការការពារ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងមាន​សេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារ​សុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here