រដ្ឋាភិបាល​បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន១១ បោះទុន​ជិត ៤៣លានដុល្លារ​នៅក្នុង​ខែ​ដំបូង​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​គម្រោង​ចំនួន១១គម្រោង ដែល​បាន​បោះទុន​វិនិយោគ ប្រមាណ ៤៣,៨លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែ​ដំបូង​ដើមឆ្នាំ២០២១នេះ។ នេះ​បើ​យោងតាម​សេច​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ​ទាំង៧ ដូចជា ទី១) គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន BRIGHTNESS (CAMBODIA) GARMENT FACTORY CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ២ ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០២កន្លែង។

ទី២) គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​ក្រដាសកាតុង និង​ផលិតផល​វេច​ខ្ចប់​ពី​ក្រដាស​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន CITY PRINTING (CAMBODIA) COMPANY LIMITED ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ ភូមិ​តា​កេរ្តិ៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៤កន្លែង។

ទី៣) គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១A ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៥១កន្លែង។

ទី៤) គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤៣កន្លែង។

ទី៥) គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប របស់​ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ២,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧១៨កន្លែង។

ទី៦) “JIAN YUAN TONG GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ D12 សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ២,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៣៦៤កន្លែង។

ទី៧) “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ធុង​ទឹកកក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ៣,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២០០កន្លែង។

ទី៨) “TAPERITE PLASTIC CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​បង់​ស្អិត​គ្រប់​ប្រភេទ (all kinds of adhesive tape) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រាញ់​តា​បាញ់​និង​ភូមិ​ភ្លើង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ២,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២០០កន្លែង។

ទី៩) “XIN YUNFENG (CAMBODIA) FASHION CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង២ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៦១៤កន្លែង។

ទី១០) “UNICORN FOOTWEAR CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៥,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.៩១០កន្លែង។

ទី១១) “LAURENCE FOOTWEAR CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៥,៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.១៣៨កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here