World Bank: ធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការមានប្រសិទ្ធភាពឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានវាយតម្លៃខ្ពស់ថា ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់​ចេញវិធានការ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការឆ្លើយតបនឹងសម្ពាធ នៃការធ្លាក់ចុះនៃ​កំណើន​សេដ្ឋកិច្ច ព្រមទាំងបានរួមចំណែកផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ការវាយតម្លៃនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំតាមរយៈ videoconference រវាងលោកជា ចាន់តូ ទេសាភិបាល ធនាគារ​ជាតិនៃកម្ពុជា និងតំណាងធនាគារពិភពលោកដែលដឹកនាំដោយលោកស្រី Mariam Sherman ប្រធាន​ធនាគារពិភព​លោក​ប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាកាលពីម្សិលម៉ិញ។ នេះបើយោងតាមការសចក្តីប្រកាស​ព័ត៌មាន​របស់NBC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះវិធានការដែល​បានដាក់​ចេញដោយធនាគារជាតិនៃកម្ពុជាក្នុងការឆ្លើយតបនឹងសម្ពាធនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាពនិងទាន់ពេលវេលា ព្រមទាំងបានរួមចំណែកផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ធនាគារពិភពលោក ដែលបានរួមចំណែកជួយផ្តល់ជំនួយបច្ចេកទេសផ្នែកប្រព័ន្ធទូទាត់កម្ពុជា ក៏បានរំលេចពីការ​អភិវឌ្ឍ ប្រព័ន្ធទូទាត់នៅកម្ពុជា ដែលត្រូវបានធ្វើទំនើបកម្ម លើផ្នែកបច្ចេកវិទ្យាទំនើប និងបានជួយសម្រួលការ​ទូទាត់ និងកាត់បន្ថយកម្រៃសេវាទូទាត់អេឡិចត្រូនិក។

លោកទេសាភិបាល បានថ្លែងថា កន្លងមក ធនាគារពិភពលោក បានរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ ជាពិសេស​ទៅលើផ្នែក ចំណេះដឹងហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់, កិច្ចការពារអតិថិជន ប្រព័ន្ធការពារ​ប្រាក់បញ្ញើ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។

លោកបានថ្លែងបន្តថា វិស័យធនាគារកម្ពុជាបន្តមានស្ថិរភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុង​ការគាំទ្រ​សកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ លោកទេសាភិបាល ក៏បានស្នើឱ្យធនាគារពិភពលោកបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ​ធនាគារបន្ថែមទៀត ជាពិសេសលើផ្នែកការពារប្រាក់បញ្ញើ ការសិក្សាទៅលើប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពជំនាញរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here