តើ​ច្បាប់​វិនិយោគ​ថ្មី​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ច្បាប់​វិនិយោគ​ថ្មី ដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ អាច​នឹង​ដាក់ឱ្យ​ដំណើរ​នៅ​ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដែល​ច្បាប់​នេះ​នឹង​ផ្ដល់​ភាពងាយស្រួល ដល់​អ្នកវិនិយោគ ជាង​ច្បាប់​ចាស់។

លោក​ផាន់ ផល្លា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​វេទិកាសាធារណៈ ស្តីពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ នា​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា “ច្បាប់​វិនិយោគ​ថ្មី​នេះ បាន​តាក់តែង​បញ្ចប់​ទាំងស្រុង​រួចហើយ និង​ប្រហែលជា​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ នឹងមាន​ការពិភាក្សា​គ​ណៈ​ក​ម្មា​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ” ។ លោក​បន្តថា “បន្ទាប់មក​នឹងត្រូវ​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ហើយ​ប្រសិនបើ​មាន​ភាពរលូន គឺ​ប្រហែលជា​នៅ​ខែមេសា​ឆ្នាំនេះ ច្បាប់​ថ្មី​នេះ​នឹង​ទៅដល់​រដ្ឋសភា និង​ព្រឹទ្ធសភា ហើយនឹង​អាចដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ផងដែរ” ។

លោក​បញ្ជាក់ទៀតថា ការសុំច្បាប់​វិនិយោគ​របស់​អ្នក​វិនិយោគិន​លើក​មុន (ច្បាប់​ចាស់) ពួកគាត់​មានរឿង​ឈឺក្បាល​ច្រើន ដូច្នេះ​នៅពេល​មានច្បាប់​វិនិយោគ​ថ្មី​នេះ គឺ​យើង​នឹង​ជួយ​ដោះស្រាយ​ពួកគាត់ មិន​ឲ្យ​ឈឺក្បាល​ដូច​មុន​ទេ។

លោក​បាន​ថ្លែង​ដោយ​លើក​ជា​ឧទាហរណ៍​ថា នៅក្នុង​ច្បាប់​ចាស់ អ្នកវិនិយោគ​គាត់​សុំ​គម្រោង​វិនិយោគ​អ្វីមួយ យើង​ឲ្យ​គាត់​តាម​ការស្នើសុំ​នោះ​តែមួយ​ផ្នែក តែ​សម្រាប់​ច្បាប់​វិនិយោគ​ថ្មី​នេះ គឺ​យើង​ជូន​គាត់​ទាំងអស់​តែម្ដង។

លោក​ផាន់ ផល្លា​បាន​ថ្លែងថា សម្រាប់​ច្បាប់​ថ្មី​នេះ ពាក់ព័ន្ធ​រឿង​ពន្ធ គឺ​កាលពីពេល​នៅ​ច្បាប់​ចាស់ អ្នកវិនិយោគ​ត្រូវ​បង់​លើ​ពន្ធអាករខ្លះៗ ពាក់ព័ន្ធ​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ក្នុង​គម្រោង តែ​ចំពោះ​ច្បាស់​ថ្មី​នេះ​គាត់​មិនចាំបាច់​បង់​ទេ ក្នុងការ​នាំចូល​ទាំងឡាយណា ដែលជា​ធាតុ​ចូលក្នុង​ផលិតកម្ម។

លោក​ថ្លែងបន្តថា “ច្បាប់​ចាស់ និង​ច្បាប់​ថ្មី​នេះ មាន​លក្ខណ​ខុសគ្នា ដូចជា​ក្នុងពេល​បច្ចុប្បន្ន យើង​គិត​អំពី​ការជំរុញ​ការវិនិយោគ​ឲ្យ​ឡើង​ខ្ពស់ជាង​មុន ទាំង​ធនធានមនុស្ស និង​បច្ចេកទេស ហើយ​ច្បាប់​ថ្មី​នេះ មានការ​បែងចែក​ប្រភេទ​ឧស្សាហកម្ម​ច្បាស់លាស់” ។

លោក​បាន​ឱ្យដឹងទៀតថា នៅពេលដែល​ច្បាប់​ថ្មី​នេះ បានដាក់​ចេញទៅ គឺអាច​ធ្វើ ឱ្យ​បរិយាកាស​ការវិនិយោគ មាន​ភាព​រឹតតែ​ល្អប្រសើរ ហើយ​បន្ទាប់ពី​បរិយាកាស​វិនិយោគ​ល្អ និង​មានការ​កាត់បន្ថយ​លើ​ចំណាយផ្សេងៗទៀត នោះ​នឹងធ្វើ​ឲ្យ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here