ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​សិង្ហ​បុរី​ បានប្រកាស​ពី​គម្រោង​វិនិយោគ ​លើ​ការគ្រប់គ្រងកាកសំណល់​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​គ្រប់គ្រង​កាកសំណល់ 800 Super ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បានប្រកាស​ឈាន​ជើង​ចូលមក​វិនិយោគ ក្នុងការ​គ្រប់គ្រង​កាកសំណល់​រ៉ឹង​នៅ​កម្ពុជា ដោយ​ជោគជ័យ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​សិង្ហ​បុរី Business Times នៅ​យប់​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។

ក្រុមហ៊ុន​សិង្ហ​បុរី ជាមួយ​ដៃគូ​បាន​វិនិយោគ​រួមគ្នា ក្រុមហ៊ុន GAEA Waste Management នៅ​កម្ពុជា ដែល​ទទួលបាន​កិច្ចសន្យា​រយៈពេល១០ឆ្នាំ សម្រាប់​ការប្រមូល​សំរាម និង​ការដឹកជញ្ជូន​សំរាម សម្រាប់​តំបន់​មួយ​ក្នុងចំណោម​តំបន់​ទាំង៣ ក្នុង​រាជធានី​ភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបណ្តាក់ទុន​រួមគ្នា នឹង​ទទួលខុសត្រូវ​ក្នុងការ​ប្រមូល និង​ដឹកជញ្ជូន​កាកសំណល់​រឹង​ពី​អនុតំបន់​ចំនួន៥ ក្នុង Zone1  នៃ​ទីក្រុង​ទៅកាន់​ស្ថានីយ៍​ផ្ទេរ ហើយ​បន្ទាប់មក​ទៅ​កន្លែង​ចាក់សំរាម​ក្នុង​តំបន់ ដែល​ស្ថិតនៅ​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ។

បរិមាណ​សំរាម​ដែល​បាន​ប៉ាន់ប្រមាណ មាន​ប្រហែល ១.០៤០តោន ក្នុង​មួយថ្ងៃ កាលពី​ឆ្នាំមុន ត្រូវបាន​ព្យាករ​ថា នឹង​កើន​ឡើងដល់​ប្រហែល ២.៧០០តោន ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ២០៣០ នៅពេល​ទីក្រុង​នេះ​រីកចម្រើន​កាន់តែខ្លាំង។

ក្រុមហ៊ុន 800 Super  គ្រោង​ដាក់ចេញ​បច្ចេកវិទ្យា​ជាច្រើន ដើម្បី​គាំទ្រ​ដល់​តម្រូវការ​រយៈពេល​វែង នៃ​ទីក្រុង​ដែល​កំពុង​រីកចម្រើនរ​បស់​ប្រទេស​កម្ពុជា។ ជាដំបូង ក្រុមហ៊ុន​គ្រប់គ្រង​កាកសំណល់​នេះ នឹង​ដាក់ចេញ​ប្រព័ន្ធគ្រប់គ្រង GPS ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដើម្បី​តាមដាន និង​គ្រប់គ្រង​ការងារ ក៏ដូចជា​ពង្រឹង​សុវត្ថិភាព​កម្មករ​រប​ស់​ខ្លួន​នៅ​ភ្នំពេញ។

ក្រុមហ៊ុន 800 Super មានការ​គាំទ្រ​ពី Enterprise Singapore (ESG) បាន​បញ្ចូល​បច្ចេកវិទ្យា​ជាច្រើន នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន​នៅ​សិង្ហ​បុរី ដើម្បី​បង្កើន​ផលិតភាព និង​បង្កើន​ប្រសិទ្ធភាព។

លោក William Lee នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 800 Super បាន​មានប្រសាសន៍ថា “ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន 800 Super និង​ក្រុមហ៊ុន GAEA (800 Super-GAEA) នឹង​នាំមក​នូវ​បទពិសោធន៍ និង​ជំនាញ​រួម​របស់​យើង ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់​ភាព​ស្អាត និង​ការ​រស់នៅក្នុង​រាជធានី​ភ្នំពេញ” ។ លោក​បន្តថា “យើង​ក៏​នឹង​បន្ត​ស្វែងរក​ឱកាសថ្មីៗ នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ទីផ្សារ​ដ៏​សំខាន់បំផុត នៅក្នុង​យុទ្ធសាស្ត្រ​កំណើន​របស់​យើង” ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បានជ្រើសរើស​យក​ក្រុមហ៊ុន បណ្តាក់ទុន​រួម 800 Super-GAEA ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន២០ ដែល​បាន​ចូលរួម​ក្នុង​ដេញថ្លៃ ដែល​បាន​ធ្វើឡើង កាលពី​ខែមីនា ឆ្នាំមុន។

ក្រុមហ៊ុន ESG ទីភ្នាក់ងារ​បរិស្ថាន​ជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​សិង្ហ​បុរី បានធ្វើការ​រួមគ្នា ដើម្បី​ចែករំលែក​បទពិសោធន៍ នៃ​ការគ្រប់គ្រង​សំណល់​រឹង​នៅ​សិង្ហ​បុរី និង​ការអនុវត្ត​ល្អ​បំផុត ដើម្បី​ធានា​ការគ្រប់គ្រង​សំរាម ប្រកបដោយ​និរន្តរភាព ជាមួយ​អាជ្ញាធរ​កម្ពុជា។

លោក Ng Chun Pin អនុប្រធាន​នាយក​ប្រតិបត្តិ​គម្រោង​ផែនការ​សាជីវកម្ម និង​បច្ចេកវិទ្យា​នៃ​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ បាន​មានប្រសាសន៍ថា “នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ សម្រាប់​វិស័យ​សេវាកម្ម​បរិស្ថាន របស់​ប្រទេស​សិង្ហ​បុរី និង​ជាការ​បញ្ជាក់​យ៉ាង​មុតមាំ​នៃ កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ទីភ្នាក់ងារ ដើម្បី​ជួយ​ក្រុមហ៊ុន​របស់​យើង ធ្វើ​អន្តរ​ជាតូបនីយកម្ម” ។

លោក​បាន​បន្ថែមទៀតថា ការបណ្តាក់ទុន​រួម​នេះ គឺជា​ការបញ្ជាក់​ពី​សមត្ថភាព និង​ការប្រើប្រាស់ នៃ​វិស័យ​បរិស្ថាន​ក្នុងស្រុក​របស់​សិង្ហ​បុរី ដែល​អាច​នាំមក​នូវ​គុណ​តម្លៃ មិន​ត្រឹមតែ​តាមរយៈ​ជំនាញ និង​បទពិសោធន៍ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការរួមបញ្ចូល​បច្ចេកវិទ្យា​និ ង​ការច្នៃប្រឌិត ដើម្បី​ធ្វើឱ្យ​សេវាកម្ម​របស់ខ្លួន ឲ្យ​កាន់​តែមាន​ផលិតភាព និង​ប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here