សិង្ហ​បុរី​បង្ហាញ​មហិច្ឆតា​ធំ​ចង់​ពង្រីក​វិស័យ​ផលិតកម្ម​របស់ខ្លួន​ឱ្យបាន​រហូតដល់ ៥០ភាគរយ

ដោយៈ​សុខុម

សិង្ហ​បុរី:  ប្រទេស​សិង្ហ​បុរី មាន​មហិច្ឆតា​ធំ​ចង់​ពង្រីក​វិស័យ​ផលិតកម្ម​របស់ខ្លួន​ឱ្យបាន​រហូតដល់​ទៅ ៥០% នៅ​រយៈពេល ១០ឆ្នាំក្រោយ ដើម្បី​ធនា​ថា វិស័យ​មួយ​នេះ​បន្ត​រួមចំណែក​រកចំណូលបាន​ប្រមាណ១ ភាគ៥នៃ​ទិន្នផល​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA ។

លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ទី២៥ មករា​កន្លងមក​ថា វា​ជា​គោលដៅ​មួយ ដើម្បី​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​ផលិតកម្ម​ជឿនលឿន ដែល​ជួយ​បង្កើន​ទិន្នផល​សេដ្ឋកិច្ច​បន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ក្នុងស្រុក Univac លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​ថា “កាលពី​អតីតកាល ផលិតកម្ម​ជាច្រើន​ជំនាន់ ដែល​ពឹង​ផ្អែកលើ​ការប្រកួតប្រជែង​ថ្លៃដើម ត្រូវបាន​ជំនួស​ដោយ​ជម្រើស​ថោក​ជាង​កាន់តែ​ច្រើនឡើង នៅក្នុង​ប្រទេស​ផ្សេងទៀត” ។ លោក​បន្តថា “ផ្ទុយ​មកវិញ លើសពី​ការបង្កើន​តម្លៃ ៥០% យើង​ចង់ឃើញ​ផលិតកម្ម​របស់​យើង កាន់តែច្រើន​អភិវឌ្ឍ​ខ្លួន​ទៅជា​ផលិតកម្ម​ជឿនលឿន ដែល​ការប្រកួតប្រជែង​មិន​ពឹង​ផ្អែកលើ​ថ្លៃដើម ប៉ុន្តែ​ពឹង​ផ្អែកលើ​កម្មសិទ្ធិបញ្ញា​ដែល​យើង​បង្កើតបាន គុណភាព​នៃ​ផលិតផល និង​ភាពជាក់លាក់​ដែល​យើង​អាច​ផ្ដល់ឱ្យ​សម្រាប់​វិស័យនេះ” ។

លោក Chan Chun Sing បានលើកឡើង​បន្ថែមទៀតថា ដើម្បី​ធ្វើដូច្នេះបាន រដ្ឋាភិបាល​សង្ឃឹមថា នឹង​ទាក់ទាញ​បាន​ពលរដ្ឋ​សិង្ហ​បុរី កាន់តែច្រើន​ឱ្យចូល​ប្រឡូក​ក្នុង​វិស័យនេះ ខណៈ​បន្ត​ទាក់ទាញ​ការវិនិយោគ​ចូលក្នុង​ប្រទេស​នេះ និង​ត្រៀម​ក្រុមហ៊ុន​ក្នុងស្រុក​បន្ថែមទៀត​នៅក្នុង​វិស័យ​ផលិតកម្ម​ជឿនលឿន។

បច្ចុប្បន្ន ផលិតកម្ម​រួមចំណែក​ប្រហែល២១% ឬ​ស្មើ​ប្រមាណ១០៦ពាន់​លាន​ដុល្លារ​សិង្ហ​បុរី (៨០ពាន់​លាន​ដុល្លារ​អាមេរិក) នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សិង្ហ​បុរី។

រដ្ឋមន្ត្រី​រូបនេះ​បា​នស​គូសបញ្ជាក់ថា វិស័យ​មួយ​នេះ​ផ្ដល់​ការងារ​ប្រហែល៤៥ម៉ឺន​កន្លែង ឬ​ប្រមាណ១២%នៃ​កម្លាំង​ការងារ​សរុប ជាមួយនឹង​អត្រា​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រហែល៤.៧០០ដុល្លារ​សិង្ហ​បុរី (៣.៥៤០ ដុល្លារ​អាមេរិក) ក្នុង​មួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here