ដោយៈ ចំណាន
ប្រទេសចិនៈ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ លោកគី ច័ន្ទរំដួល បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ ខេត្តហឺណាន សារធាណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណពង្រីកទំហំ នៃការនាំចេញកសិកម្មកម្ពុជា មកកាន់ទីផ្សារលក់ដុំប្រទេសចិន និងចែកចាយបន្ដទៅទីផ្សារនានា។
នាឱកាសនៃដំណើរទស្សនៈកិច្ច លោកគី ច័ន្ទរំដួល បានជួបពិភាក្សាជាមួយ លោក Fang Guogen អគ្គនាយកនៃមជ្ឈមណ្ឌលពិពរណ៌កសិកម្មក្រុងជីងចូវ អំពីកាលានុវត្តភាពវិនិយោគចំនួន ៣រួមមាន៖ (១)ការវិនិយោគនាំចេញកសិកម្មសក្កានុពលកម្ពុជា ដែលបានចុះពិធីសាររួចជាមួយនឹងអគ្គរដ្ឋបាលគយចិន (២) ការវិនិយោគនាំចូលធាតុចូលកសិកម្ម ព្រមទាំងគ្រឿងយន្ដកសិកម្ម បច្ចេកវិទ្យាទំនើបកសិកម្មជាដើម ពីប្រទេសចិនមកទីផ្សារកម្ពុជា និង(៣)ការបណ្តាក់ទុនវិនិយោគដោយផ្ទាល់(FDI) នៅប្រទេសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញ(QIP) ហើយស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោកគី ច័ន្ទរំដួល បានអញ្ជើញអ្នកវិនិយោគចិន ចូលរួមព្រឹត្តិការណ៍ពិព័រណ៌កសិកម្មកម្ពុជា(CAFE26) ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខនេះ ហើយភាគីចិន ក៏បានបង្ហាញចំណាប់អារម្មណ៍លើការនាំចូលកសិផល សក្កានុពលកម្ពុជាមកកាន់ទីផ្សារប្រទេសចិន រួមមាន៖ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ធុរេន ផ្លែមៀន ព្រមទាំងនឹងធ្វើទស្សនៈកិច្ចទៅប្រទេសកម្ពុជា នាពេលខាងមុខឆាប់ៗនេះ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅ និងជំរុញលើការវិនិយោគកសិ-ពាណិជ្ជកម្ម៕








