ក្រសួងកសិកម្ម​ និង​ដៃគូ​អភិវឌ្ឍន៍​ បើក​កិច្ច​ប្រជុំភាគី​ពាក់​ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ ក្នុងស្មារតីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងគុណភាព​ស្រូវ​កម្ពុជា។

កិច្ចប្រជុំរៀបចំធ្វើនៅស្រុកសូទ្រនិគម មានការគាំទ្រពីគម្រោង PCRL-MAFF/FAO ដែលបានប្រមូលផ្តុំតួអង្គគន្លឹះចំនួន៧០នាក់ រួមមាន៖ កសិករ អាជីវករប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកផ្តល់សេវាដ្រូន និងច្រូត​កាត់ ព្រម​ទាំង​តំណាងរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង​ការងាររួមមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់រដូវបង្កបង្កើនផលឆ្នាំ២០២៦ ការអនុវត្តសាកល្បងសេវាច្រកចេញ​ចូលតែមួយ (One-Stop Service) នឹងផ្តោតលើការផលិត “ស្រូវផ្ការំដួល” ប្រកបដោយគុណភាព និងសុវត្ថិភាព ដោយផ្តល់អាទិភាពដល់កសិករដែល​ផលិត​ស្រូវ ដោយមិនប្រើប្រាស់ថ្នាំកសិកម្ម ប្រើប្រាស់ជីសរីរាង្គ និងទឹកខ្មេះ​ធ្យូងជីវៈ ដើម្បីកែលម្អដី និងការពារដំណាំ ព្រមទាំងអនុវត្តប្រព័ន្ធតាមដាន​ស្វែងរក​ប្រភព ដើម្បីធានាបាននូវប្រភពផលិតកម្មច្បាស់លាស់។

គម្រោងនេះ នឹងរួម​ចំណែក​ជួយកសិករបង្កើនទិន្នផល និងគុណភាព កាត់បន្ថយថ្លៃដើម និងទទួល​បាន​ទីផ្សារច្បាស់លាស់ជាមួយតម្លៃសមរម្យ ខណៈរោងម៉ាស៊ីនកិនស្រូវ និងអ្នក​នាំ​ចេញអាចទទួលបានស្រូវមានគុណភាព និងប្រភពច្បាស់លាស់ ស្របតាម​តម្រូវ​ការ និងស្តង់ដារទីផ្សារអន្តរជាតិ។

កិច្ចសហការនេះត្រូវបានពង្រឹង តាមរយៈការបែងចែកភារកិច្ច​ច្បាស់លាស់​រវាងវិស័យរដ្ឋ និងឯកជន ដោយក្នុងនោះ ក្រុមហ៊ុន Pisak Agri ទទួល​បន្ទុក​សម្រប​សម្រួលសេវាកម្ម រោងម៉ាស៊ីនកិនស្រូវ ញ៉ឹក សារិទ្ធ ធានាទីផ្សារទទួល​ទិញ ក្រុម​ហ៊ុន Penta Angkor ផ្គត់ផ្គង់ធាតុចូលជីសរីរាង្គ ហើយមន្ត្រីកសិកម្មឃុំ និង​ក្រុមការងារ PCRL ជាអ្នកបច្ចេកទេសគាំទ្រផ្ទាល់ដល់កសិករ។

ជំនួបនេះមិន​ត្រឹម​តែជាកាតាលីករ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន នៅស្រុកសូទ្រនិគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ពង្រីកទៅកាន់តំបន់​ផ្សេង​ទៀត​នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here