ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង ភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី៤។
ភាគីសភាពាណិជ្ជកម្មដឹកនាំដោយ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មការតម្រង់ទិសគម្រោង EU-German GATE អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី៤ (EU-German GATE 4th PSC Meeting)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធានគណៈកម្មការ, លោក Koen Everaert អនុប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាសហប្រធានគណៈកម្មការ, តំណាង លោកបណ្ឌិតGidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងជាសហប្រធាន ព្រមទាំងមានការចូលរួមពីសមាជិកគណៈកម្មការ ។
កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោង EU-German GATE ដែលជាគម្រោងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រោមការគាំទ្ររបស់គម្រោង EU-German GATE សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយសភាពាណិជ្ជកម្មខេត្តគោលដៅ ដើម្បីរៀបចំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការដ្ឋបាលខេត្ត-ផ្នែកឯកជន ក្នុងគោលបំណងពង្រឹង យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ថ្នាក់ខេត្ត និងសមត្ថភាពរបស់សភាពាណិជ្ជកម្មខេត្ត ក្នុងការសម្របសម្រួលកិច្ចសន្ទនា ប្រមូល និងកំណត់អាទិភាពបញ្ហាប្រឈមរបស់វិស័យឯកជននៅថ្នាក់ខេត្ត និងតាមដានការដោះស្រាយបញ្ហា ដែលបានលើកឡើងនៅមូលដ្ឋាន។
យន្តការនេះមានគោលបំណង បង្កើតវេទិកាកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ និងច្បាស់លាស់ សម្រាប់អាជីវកម្មនៅមូលដ្ឋានអាចលើកឡើងនូវបញ្ហាប្រឈម និងសំណើនានា ដោយមានការពិភាក្សា និងតាមដានតាមរយៈ ក្រុមការងារវិស័យឯកជនថ្នាក់ខេត្ត ព្រមទាំងភ្ជាប់បញ្ហាសំខាន់ៗទៅកាន់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន G-PSF ថ្នាក់ជាតិ ដើម្បីបន្តការពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប។
ជាមួយគ្នានេះផងដែរ តាមបទពិសោធន៍ និងលទ្ធផលដែលទទួលបានពីខេត្តគោលដៅទាំង៤ នឹងអាចក្លាយជាមូលដ្ឋានសម្រាប់ការពង្រីកយន្តការ ក្រុមការងារវិស័យឯកជនថ្នាក់ខេត្ត (PSWGs) ទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។ ការពង្រីកនេះមានគោលដៅលើកកម្ពស់កិច្ចសន្ទនារដ្ឋ -ឯកជន ឱ្យកាន់តែមានប្រសិទ្ធភាព មានចីរភាព និងឆ្លើយតបកាន់តែប្រសើរ ទៅនឹងតម្រូវការរបស់វិស័យឯកជននៅថ្នាក់មូលដ្ឋាន៕








