រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក​អះអាង​ជាថ្មី​ថា អាមេរិក​នៅតែ​ប្ដេជ្ញា​ការពារ​ប្រជុំ​កោះមាន​ជម្លោះ​របស់​ជប៉ុន Senkaku

ដោយៈ​សុខុម

តូ​ក្យូ:  រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក Lloyd Austin បាន​អះអាង​ជាថ្មី​ថា សហរដ្ឋអាមេរិក នៅតែ​ប្ដេជ្ញា​ការពារ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ជប៉ុន ហៅថា Senkaku Islands និង​ដែល​ចិន ហៅថា Diaoyu Islands។

យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Jiji ឱ្យដឹងថា អំឡុងពេល​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជា​លើកដំបូង ជាមួយ​សម​ភាគី​ជប៉ុន កាលពី​ថ្ងៃអាទិត្យ ទី២៤ មករា លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Nobuo Kishi បាន​អះអាងថា មាត្រា ៥ នៃ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក-ជប៉ុន ដែល​ចែង​អំពី​កាតព្វកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក ក្នុងការ​ការពារ​ប្រទេស​ជប៉ុន ក៏​គ្របដណ្ដប់​ទាំង​ប្រជុំ​កោះ Senkaku ឬ Diaoyu ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​បញ្ជាក់​ជាថ្មី​ផងដែរ​អំពី​ជំហរ​របស់ខ្លួន​ថា ពួកលោក​នឹង​ប្រឆាំង​ដាច់ខាត ចំពោះ​សកម្ម​ភាពជា​ឯកតោភាគី (តែ​ភាគី​ម្ខាង) ណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​របស់​ប្រទេស​ជប៉ុន ក្នុងការ​គ្រប់គ្រង​ប្រជុំ​កោះ​ខាងលើនេះ។

គេ​សង្កេតឃើញថា ប្រទេស​ជប៉ុន មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ចំពោះ​សកម្មភាព​របស់​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងកើត រួមទាំង​ការទន្ទ្រាន​ចូលក្នុង​ដែនសមុទ្រ​ជុំវិញ​ប្រជុំ​កោះមាន​ជម្លោះ​ផងដែរ។

នេះ​គឺជា​កិច្ចសន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​លើកដំបូង រវាង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ ទី២០ មករា មក។

លោក Lloyd Austin ដែលជា​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ ទី២២ មករា ដោយ​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​ស្បែក​ខ្មៅ​ដំបូងបង្អស់​របស់​សហ​រដ្ឋ​អាមេរិក។

ទោះជា​យ៉ាងណា ភ្លាមៗក្រសួងការពារជាតិ​ជប៉ុន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​កិច្ចសន្ទនា​ខាងលើនេះ។

បញ្ជាការ​របស់​សហរ​ដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​សន្តិសុខ នៅ​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ ទី២៤ មករា ថា កង​នាវា​វាយប្រហារ​មួយ​នៃ​កងទ័ពជើងទឹក​អាមេរិក បាន​ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី២៣ មករា ជា​ថ្ងៃ​តែមួយ​ដែល​កោះ​តៃវ៉ាន់ បាន​រាយការណ៍​ថា កង​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​ចិន បាន​ទន្ទ្រាន​ចូលក្នុង​ដែនអាកាស​របស់ខ្លួន នៅ​ជិត​ប្រជុំ​កោះ Pratas Islands៕

LEAVE A REPLY

Please enter your comment!
Please enter your name here