លោកឧកញ៉ាហួត អៀងតុង: ការឈានជើងចូលរបស់ធនាគារថ្មីៗនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

ដោយៈម៉ាណេត

 ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថាបានលើកឡើងថា ការពង្រីកខ្លួន និងការឈានជើងចូលរបស់ធនាគារថ្មីៗនឹងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំង តែប្រជាពលរដ្ឋ អ្នកប្រើប្រាស់សេវាកម្មធនាគារនឹងប្រាកដជាទទួលផលប្រយោជន៍បានកាន់តែច្រើន ខណៈធនាគារហត្ថានៅតែឈរលើក្រមសីលធម៌ ដើម្បីប្រកួតប្រជែងក្នុងការចាប់យកចំណែកទីផ្សារ។

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានថ្លែងក្នុងកិច្ចសម្ភា​សន៍ពិសេសមួយជាមួយគេហទំព័រPropertyarea.asia នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា លោករីករាយខ្លាំងពេលឃើញមានធនាគារច្រើនចូលមកវិនិយោគប្រទេសកម្ពុជា ហើយក្រោមការដឹករបស់រាជរដ្ឋាភិបាលរហូតមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមិនខុសពីប្រ​ទេសគេទេ ហើយនៅទីកន្លែងណាក៏ឃើញមានធនាគារ។

លោកបានថ្លែងថា “នេះគឺជាការរីកចម្រើនមួយ ដែលរូបខ្ញុំផ្ទាល់មានការរីករាយយ៉ា​ងខ្លាំង”។ លោកបានថ្លែងថា “ខ្ញុំគិតថា ការប្រកួតប្រជែងគឺប្រាកដជាខ្លាំងក្លា ពីព្រោះការប្រកួតប្រជែងប្រាកដជាមានការកើនឡើង ដោយចាប់ចំណែកទីផ្សារពីគ្នាទៅវិញទៅមក និងដណ្តើមបុគ្គលិកគ្នាទៅវិញទៅមក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា “ប៉ុន្តែដើម្បីជាតិយើង ប្រជាពលរដ្ឋយើង ខ្ញុំមានការរីករាយក្នុងការមើលឃើញធនាគារទាំងអស់នោះចូលមក ហើយបង្កើតនូវការប្រកួតប្រជែង និងកាលណាបង្កើតនូវការប្រកួតប្រជែងកាន់តែខ្លាំង ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវាកម្មធនាគារ គឺគាត់ប្រាកដជាទទួលផលប្រយោជន៍បានកាន់តែច្រើន ដូចជាអត្រាការប្រាក់ប្រាកដជានឹងចុះទាប សេវាកម្មរហ័ស និងសម្បូរបែប អាចឱ្យប្រជាជន និងអតិថិជនយើងជ្រើសរើសយកសេវាកម្មទៅតាមសេចក្តីត្រូវការរបស់ពួកគាត់”។

លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា ធនាគារ ហត្ថា មានការប្រកួតប្រជែងល្អគួរសម មានយុទ្ធសាស្ត្រមួយ ដោយផ្តោតអារម្មណ៍ទៅលើអតិថិជនរបស់យើង ដែលជាគោលដៅធំបំផុត។ យើងចង់ធ្វើយ៉ាងឱ្យអតិថិជនរបស់យើង នៅពេលចូលមកប្រើសេវាកម្មរបស់យើងហើយ និងជួបជាមួយបុគ្គលិករបស់យើងហើយ គឺគាត់ចាប់អារម្មណ៍ជាប់ចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់យើង ដូច្នេះយើងពង្រឹងចំណុចនេះ។

លោកបានថ្លែងទៀតថា យើងពង្រឹងទំនាក់ទំនងជាមួយអតិថិជន យើងពង្រឹងប្រព័​ន្ធបច្ចេកវិទ្យារបស់ពួកយើង ដោយធ្វើយ៉ាងណាឱ្យប្រព័ន្ធបច្ចេកវិទ្យារបស់ពួកយើងមានភាពងាយស្រួល និងចំណេញដល់អតិថិជនរបស់យើង។ ពេលនៅដែលគាត់ប្រើប្រាស់ប្រព័ន្ធបច្ចេករបស់យើង គឺគាត់មានភាពងាយស្រួល ទុកចិត្ត ហើយគាត់នឹងបន្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់យើងកាន់តែច្រើនឡើង។

លោកបានថ្លែងបន្តទៀតថា ហើយយើងអនុវត្តគោលនយោបាយរបស់យើងមួយឱ្យជាប់លាប់បំផុត គឺគោលនយោបាយគាំពាអតិថិជន ហើយយើងចាត់ទុកអតិថិជនជាគោលដៅធំរបស់ពួកយើង ហើយអតិថិជនគឺជាអ្នកជំរុញឱ្យធនាគាររបស់យើងមានការរីកចម្រើន ដូច្នេះហើយអ្វីៗដែលយើងធ្វើ គឺដើម្បីពួកគាត់គ្រប់ផលិតផលទាំងអស់ ដែលយើងបានរៀបចំឡើង គឺផលិតផលដែលពួកគាត់ត្រូវការ។

សម្រាប់ធនាគារហត្ថា តាំងចិត្តថា មិនធ្វើការប្រកួតប្រជែងដោយមិនមានក្រមសីលធម៌នោះទេ ពីព្រោះការប្រកួតប្រជែងដោយមិនមានក្រមសីលធម៌ និងមិនការគ្រប់​គ្រងបានច្បាស់លាស់ អាចនឹងមានផលប៉ះពាល់ដល់ធនាគារនោះវិញ ក៏ដូចជាមានផលប៉ះពាលដល់វិស័យនេះទាំងមូលផងដែរ។

លោកមានប្រសាសន៍ថា “គោលដៅរបស់យើង គឺយើងចង់ឱ្យអតិថិជនរបស់យើង ត្រឡប់មកប្រើប្រាស់សេវាកម្មរបស់ដោយស្ម័គ្រចិត្ត ហើយយើងរៀបចំផលិតណា ដែលត្រូវនឹងតម្រូវការរបស់ពួកគាត់ និងរៀបចំគោលនយោបាយ បង្រៀនដល់មន្ត្រីរបស់យើងឱ្យគាត់ចេះថែរក្សា និងគាំពាអតិថិជនរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here