ដោយៈសុខុម
ក្រុងស៊ឹនជិន: ប្រិយមិត្តអ្នកអានប្រហែលជាបានដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាផលិតទូរស័ព្ទចិន Huawei Technology ធ្លាប់មានរឿងល្វីងជូរចត់ជាច្រើន ជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ។
ហេតុដូចនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលលោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន មួយនេះចេញមុខសរសើរជាសាធារណៈកាលពីថ្ងៃសុក្រ ទី២២ មករាកន្លងមកថា សហរដ្ឋអាមេរិក នៅតែជា “អ្នកឈានមុខគេផ្នែកបច្ចេកវិទ្យា” ដែលគួររៀនសូត្រតាម ហើយក្រុមហ៊ុនរបស់លោក គួរតែកាត់បន្ថយផលិតផល ក្រោយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមកលើខ្លួនជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
ការលើកឡើងរបស់លោក បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ចុះកាលបរិច្ឆទតាំងពីខែមិថុនា ឆ្នាំ២០២០ ផ្ញើទៅកាន់បុគ្គលរបស់លោកខាងលើនេះ ត្រូវបានបង្ហោះចែករំលែកជាលើកដំបូងកាលពីម្សិលមិញនេះ នៅលើផ្ទាំងផ្ញើសាររបស់ក្រុមហ៊ុន ចាប់តាំងពីលោក ចូ បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីលោក ដូណាល់ ត្រាំ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei នៅតែរក្សាភាពស្ងាត់ស្ងៀម ដោយមិនបង្ហាញក្ដីសង្ឃឹមរបស់ខ្លួន ចំពោះរដ្ឋការរបស់លោក ចូ បៃឌិន ឡើយ ក្រោយពីរងទណ្ឌកម្មជាបន្តបន្ទាប់ក្រោមរដ្ឋការរបស់លោក ត្រាំ ដែលបានអះអាងថា ផលិតផលទូរស័ព្ទ Huawei បង្កហានិភ័យដល់សន្ដិសុខជាតិ ប៉ុន្តែត្រូវបានក្រុមហ៊ុននេះច្រានចោល។
ថ្លែងជាលើកចុងក្រោយកាលពីថ្ងៃច័ន្ទ ទី១៨ មករា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានព្រមានបណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបថា ខ្លួននឹងបដិសេធចោល ឬដកហូតអាជ្ញាប័ណ្ណ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបនានា រួមទាំងក្រុមហ៊ុន Intel Corp ផងដែរ ប្រសិនបើហ៊ានលក់ផលិតផលរបស់ខ្លួនឱ្យទៅក្រុមហ៊ុន Huawei ។ នេះបើយោងតាមប្រភពទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។
ខ្លឹមសារក្នុងលិខិតរបស់លោក Ren Zhengfei លើកឡើងថា ចំណាត់ការរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុន Huawei ដឹងខ្លួនថា “ខុសគ្នាខ្លាំងរវាងយុទ្ធសាស្ត្ររបស់យើង និងសមត្ថភាពរបស់យើង ហើយក្រុមហ៊ុននឹងវាយតម្លៃឡើងវិញ លើខ្សែស ង្វាក់ផលិតផលមួយចំនួន និងពិចារណាកាត់បន្ថយផលិតផល និងបុគ្គលិកមួយចំនួនដែលគ្មានផលិតភាពការងារ” ។
ចំណុចនៃលិខិតនោះបានទទួលស្គាល់ថា “សហរដ្ឋអាមេរិក នៅតែជាអ្នកឈានមុខគេផ្នែកបច្ចេកវិទ្យា ហើយយើងត្រូវតែរៀនសូត្រតាមមនុស្សជឿនលឿន គ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន” ៕