រដ្ឋមន្ត្រី៖ វិស័យ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែកស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ លោក​ជា វ៉ាន់​ដេ​ត​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​លើកឡើងថា ការវិវឌ្ឍ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។

ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ត្រូវបាន​ឡើង ក្នុងអំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី១ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធានបទ “អាស៊ាន៖ សហគមន៍​ត​ភ្ជាប់​ដោយ​ឌីជីថល” នៅ​ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ជា វ៉ាន់​ដេ​ត​បាន​មានប្រសាសន៍ថា ការវិវឌ្ឍ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ-១៩ និង​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រក្សា​នូវ​និរន្ត​ភាព​នៃ​សកម្មភាព​កិច្ចការរដ្ឋ​បាល និង​អាជីវកម្ម។

លោក​បាន​ថ្លែងថា “ប្រទេស​សមាជិក​អាស៊ាន ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​ជា​សមាជិក​និង​ដៃគូ​អភិវឌ្ឍ ប្រែ​កា្ល​យ​ជា​សហគមន៍ ដែល​ត​ភ្ជាប់​ដោយ​ឌីជីថល និង​ជំរុញ​ការកាត់បន្ថយ​គម្លាត​ឌីជីថល រួមចំណែក​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម” ។

លោក​ជា វ៉ាន់​ដេ​ត​បាន​បន្ថែមទៀតថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​ទាំង​ទូរ​សព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត ដើម្បី​ផ្ដល់​សេវា​ប្រកបដោយ​ទំនុកចិត្ត និង​មានតម្លៃ​សមរម្យ ព្រមទាំង​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល។

លោក​បាន​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋ​ជា​សមាជិក​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​ប្រែក្លាយ​អាស៊ាន ទៅជា​សហគមន៍​ឌីជីថល​និង​ប្លុក​សេដ្ឋកិច្ច​មួយ​ឈានមុខ​គេ ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​ដោយ​ប្រើ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព។

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​លើក​ទី១ ដែលមាន​ប្រទេស​ម៉ាឡេស៊ី​បានធ្វើ​ជា​ម្ចាស់ផ្ទះ ត្រូវបាន​ប្ដូរ​ឈ្មោះ​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន(TELMIN) ចាប់តាំងពី​ឆ្នាំ២០០០ រហូតដល់​ឆ្នាំ២០១៩ ដើម្បី​ស្របតាម​និន្នាការ​សកល​នៃ​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ប្តូរ​វេន​ក្នុងចំណោម​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here