អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ដូ​ណា​ល់ ត្រាំ គាំទ្រ​ពេញទំហឹង​ចំពោះ​ផែនការសង្គ្រោះ ១,៩ ទ្រី​លាន​ដុល្លារ​របស់​ចូ បៃ​ឌិន

ដោយៈ​សុខុម

ញូវយ៉ក:  លោក Kevin Hassett ដែលជា​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ផែនការ​សង្គ្រោះ​ក្នុង​ទំហំ​ទឹកប្រាក់ ១,៩ ទ្រី​លាន​ដុល្លារ របស់​ប្រធានាធិបតី​ថ្មី ចូ បៃ​ឌិន​ថា ជា​មធ្យោបាយ​មួយ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ឱ្យ​ងើបឡើង​ពី​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN Business កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មករា​ថា “គេ​បាន​ទម្លាក់​កញ្ចប់​ថវិកា​ជាច្រើន​រួចមកហើយ ប៉ុន្តែ​ខ្ញុំ​យល់ថា យើង​ចាំបាច់​ត្រូវ​ប្រថុយ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតីត​ក្រុមមន្ត្រី​នៃ​រដ្ឋការ​របស់លោក ត្រាំ បាន​សម្ដែង​ក្ដីបារម្ភ​ថា ប្រសិនបើ​គ្មាន​ជំនួយ​សង្គ្រោះ​បន្ថែម ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេនោះ ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដែល​កាន់តែ​ធ្ងន់ធ្ងរ ទៅនឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​អាមេរិក ធ្លាក់ចុះ​ខ្លាំង​ដូច​ក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២០ ដែល​កាលនោះ GDP (ផលិតផល​ក្នុងស្រុក​សរុប) បាន​ធ្លាក់ចុះ​រហូតដល់​ទៅ ៥% ។

លោក Kevin Hassett ដែល​បាន​ធ្វើជា​ប្រធាន​ទីប្រឹក្សា​របស់លោក​ត្រាំ ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៩ មុនពេល​ត្រលប់​មកវិញ ក្នុងតួនាទី​ជាទី​ប្រឹក្សា​ស្ម័គ្រចិត្ត ក្នុង​ខែមីនា ឆ្នាំ២០២០ បាន​លើកឡើងថា មាន​ក្រុមហ៊ុន​ច្រើនណាស់ ដែល​កំពុង​ជួប​ការលំបាក និង​រង់ចាំ​ជំនួយ។ ពេលនេះ​ក្រុមហ៊ុន​ទាំងនោះ កំពុង​រង​ផលប៉ះពាល់​កាន់តែខ្លាំង​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩រលក​ថ្មី ហើយ​សេដ្ឋកិច្ច​អាច​ប្រឈម នឹង​អតិផរណា​កើនឡើង​ខ្ពស់។

នៅ​ថ្ងៃ​ដំបូង​ដែល​លោក ចូ បៃ​ឌិន ចូលកាន់​តំណែង​ជា​ផ្លូវការ សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​រហូតដល់​ទៅជា​ង ៤.២០០ ករណី ដែលជា​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ទី២ នៅក្នុង​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង (Centers for Disease Control and Prevention) របស់​សហរដ្ឋអាមេរិក​បានឱ្យដឹងថា រហូតមកទល់​ពេលនេះ ពលរដ្ឋ​អាមេរិក រហូតដល់​ទៅជា​ង ៤០០.០០០ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​វីដ-១៩ ហើយ​តួលេខ​សរុប នៃ​អ្នកស្លាប់​អាចឈាន​ដល់៥០៨.០០០ នាក់​ត្រឹម​ពាក់កណ្ដាល​ខែកុម្ភៈ ដើមឆ្នាំ២០២១ នេះ។

លោក Kevin Hassett បាន​គូសបញ្ជាក់ថា “ជំងឺ​នេះ​កំពុងតែ​ឆ្លង​រាតត្បាត​យ៉ាង​ឆាប់រហ័ស​គួរឱ្យខ្លាច” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here