ក្រុមហ៊ុន​ចិន​បោះទុន ៤លាន​ដុល្លារ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ​នៅ​កម្ពុជាដើម្បី​នាំចេញ​ទៅ​ទីផ្សារ​ចិន

ដោយៈ​សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន First Aquatic Indutrial Co., Ltd បាន​បោះទុន​វិនិយោគ​ចំនួន ៤លាន​ដុល្លារ ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ ដើម្បី​ត្រៀម​នាំចេញ​ទៅកាន់​ប្រទេស​ចិន។

ការបង្ហាញ​ពី​គម្រោង​វិនិយោគ​នេះ ត្រូវបាន​ធ្វើឡើង អំឡុងពេល​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial Co., Ltd នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Li Xuequn អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ខាងលើនេះ​បាន​ថ្លែងថា ក​សិ    ដ្ឋា​ន​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ២០១៧ ដោយ​ចំណាយ​ទុនវិនិយោគ​ចំនួន៤លាន​ដុល្លារ (មិន​រួម បញ្ចូល​ការវិនិយោគ​លើ​ការកសាង​ហេ​ដ្ឋ​រចនា​ស​ម័​ន្ធសំខាន់)។ បច្ចុប្បន្ន​មាន​ចិញ្ចឹម​ត្រី​លម្អ (ត្រី​នាគ) នាំ​ពូជ​ចូល​ពី​ប្រទេស​ចិន ត្រី​បបែល​ទឹកសាប និង​ត្រី​ទឹកសាប​កម្ពុជា​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ។

លោក​បាន​ថ្លែងបន្តថា “នៅ​ឆ្នាំ​ដំបូង​នេះ កសិដ្ឋាន​គ្រោង​នាំចេញ​ត្រី​នាគ​ជាង ១០០០ក្បាល/ឆ្នាំ និង​ត្រី​បបែល​ជាង៥០០០ក្បាល/ឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​គិត​ក្នុងតម្លៃ​ត្រី​នាគ​ពេញវ័យ​លក់បាន១០០០ដុល្លារ/ក្បាល និង​ត្រី​បបែល២០០ដុល្លារ/ក្បាល (តម្លៃ​អាស្រ័យ​លើ​ប្រភេទ​ពូជ ពណ៌ ទំហំ និង​អាយុ)” ។

កសិដ្ឋាន​ប្រើ​កម្មករ​សរុប៥០នាក់ ក្នុងនោះ​មាន​អ្នកជំនាញ​ជលផល​ទាំង​ខ្មែរ និង​ចិន​ចំនួន១០នាក់។

បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​កសិដ្ឋាន និង​បាន​ជ្រាប​អំពី​ដំណើរការ​នៃ​ការវិនិយោគ និង​កម្មវត្ថុ​នាំចេញ​របស់​ក្រុមហ៊ុន​រួចមក លោក​រដ្ឋ​ម ន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះ​ទុនវិនិយោគ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ ដែល​សកម្មភាព​នេះ សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​សំដៅ​លើកស្ទួយ​វិស័យ​វារីវប្បកម្ម និង​ការនាំចេញ​ត្រី​លម្អ ក្នុងការ​ចូលរួម​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ។

ព្រមជាមួយ​សមិទ្ធផល ដែល​ក្រុមហ៊ុន​សម្រេចបាន​នាពេល​បច្ចុប្បន្ន លោក​រដ្ឋមន្ត្រី​បាន​ណែនាំ ឲ្យ​ក្រុមហ៊ុន​ត្រៀម​រៀបចំ​ឯកសារ បច្ចេកទេស​ពាក់ព័ន្ធ​ដល់​ការចិញ្ចឹម សម្រាប់​ឈានទៅដល់​ការរៀបចំ​ពិធីសារ នាំចេញ​ត្រី​លម្អ​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ធ្វើការ​ទំនាក់​ទំនងជា​មួយ​អគ្គ​រដ្ឋបាល​គយ​ចិន ស្នើសុំ​បែបបទ ឬ​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា​ពី​ភាគី​ចិន​ជា​ជំហាន​បឋម ដើម្បី​ឲ្យ​ដំណើរការ​នាំចេញ​នាពេលខាងមុខ​ប្រព្រឹត្ត​ទៅដោយ​រលូន ចៀសវាង​ការកកស្ទះ​ផលិតផល​ដែល​កសិដ្ឋាន​ចិញ្ចឹម​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here