ដោយៈសុខុម
ភ្នំពេញ: ពិភពលោកមានសុទិដ្ឋិយមច្រើនថា នៅឆ្នាំ២០២១ នេះអ្វីៗនឹងល្អប្រសើរឡើង ជាពិសេសការងើបឡើងនៃសេដ្ឋកិច្ច ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រផលិតបានវ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធភាពបានជាបន្តបន្ទាប់។ ក្នុងឆ្នាំថ្មីនេះ ក៏មានដំណឹងល្អគួរឱ្យអបអរសាទរសម្រាប់កម្ពុជាយើងផងដែរ។
យោងតាមគេហទំព័រ taiwannews.com ចុះផ្សាយកាលពីថ្ងៃទី២០ មករា ឱ្យដឹងថា ក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាចេន ហ្ស៊ី (Chen Zhi) ម្ចាស់ធនាគារ ព្រីនស៍ ម.ក (Prince Bank Plc.) ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានសហការជាមួយក្រុមហ៊ុនស្វីស នៅក្នុងការបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផលិត និងជួសជុលនាឡិកាស្វ៊ីស ដោយដាក់ឈ្មោះថា Prince Horology Vocational Training Center ។
ការបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជាន់ខ្ពស់នេះ នឹងផ្ដល់ឱកាសឱ្យយុវជនកម្ពុជា បានសិក្សាជំនាញផលិត និងជួសជុលនាឡិកាស្វីស ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលនឹងជួយឱ្យពួកគេមានឱកាសកាន់តែច្រើន ក្នុងផ្សារការងារទាំងនៅកម្ពុជា និងនៅបរទេស ក្រោយបញ្ចប់ការសិក្សា។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនិយាយថា ខ្លួននឹងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍នៃការផលិត និងជួសជុលនាឡិកាស្វីស ដាក់ចេញដោយស្ថាប័នត្រួតពិនិត្យគុណភាពនាឡិកាក្នុងប្រទេសស្វីស។
មជ្ឈមណ្ឌលនេះ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលពេញម៉ោង រយៈពេល២ឆ្នាំ ហើយសិក្ខាកាម ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រ certificate fédéral de capacité (CFC) ដែលទទួលស្គាល់ដោយរដ្ឋាភិបាលស្វីស។ ក្រៅពីយកថ្លៃសិក្សា មជ្ឈមណ្ឌលក៏មានផ្ដល់អាហារូបករណ៍ សម្រាប់សិក្ខាកាមក្នុងស្រុកផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីតម្លៃសិក្សា និងអាហារូបករណ៍នេះឡើយ។
ក្រុមហ៊ុន Prince Group បានគូសបញ្ជាក់ថា ខ្លួនបានជួលអ្នកជំនាញខាងផលិតនាឡិការល្បីៗកម្រិតពិភពលោក រួមទាំងលោក Maarten Pieters ដែលជាអតីតនាយកសាលាបង្រៀន ផលិតនាឡិកាឈានមុខគេរបស់ស្វីស Watchmakers of Switzerland Training and Educational Program (WOSTEP) ផងដែរ។
សាលានេះបានឲ្យដឹងថា សិក្ខាកាមដែលចាប់អារម្មណ៍ លើជំនាញនេះអាចដាក់ពាក្យឥឡូវនេះ បានសម្រាប់ឆ្នាំសិក្សាដំបូង ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ទោះជាយ៉ាងណា សាលាទទួលតែសិស្ស៨នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក្នុងចំណោមសិស្សទាំង៨នាក់នោះ ត្រូវមានសិស្សកម្ពុជាយ៉ាងតិច៥នាក់ឡើងទៅ៕