ដោយ៖ លក្ខិណា
ភ្នំពេញ៖ នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលដែលបណ្ដាលមកពីកូវីដ១៩ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកុម្មុយនីសពីរ គឺប្រទេសចិន និងកូរ៉េខាងជើង បានធ្លាក់ចុះរហូតដល់ ៨០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។
យោងតាមតួលេខគយរបស់ប្រទេសចិន ចុះផ្សាយដោយសារព័ត៌មានចិនមួយ បានបង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះកាលពីឆ្នាំមុននៅពេលទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។
តួលេខរបស់គយប្រទេសចិន បង្ហាញថាពាណិជ្ជកម្មជាមួយប្រទេសជិតខាងមួយនេះបានធ្លាក់ចុះជាង ៨០% ដោយការនាំចេញនិងនាំចូល សរុបរវាងប្រទេសទាំងពីរមានតម្លៃ ៥៣៩ លានដុល្លារ ។ នោះជាការធ្លាក់ចុះ ៨០,៧% ពីឆ្នាំ ២០១៩ និងទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ពាណិជ្ជកម្មបានធ្លាក់ចុះប្រហែល ៩៩ ភាគរយក្នុង រយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ២០២០ ។
ប្រទេសកូរ៉េខាងជើងបានផ្អាកជើងហោះហើរនិងខ្សែរថភ្លើងទៅនិងមកពីប្រទេសចិន ចាប់តាំងពីខែមករាឆ្នាំ២០២០ ។ វាហាក់ដូចជាមានការរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀតលើលំហូរទំនិញនិងប្រជាជន កាលពីនៅចុងឆ្នាំ ។
នៅក្នុង សមាជគណបក្សនាពេលថ្មីៗនេះ មេដឹកនាំលោកគីម ជុងអ៊ុនបាន និយាយថាផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំ បានខកខានមិនបានសំរេចតាមគោលដៅរបស់ខ្លួននៅក្នុង ស្ទើរតែគ្រប់ វិស័យ ។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការនានាដើម្បីគ្រប់គ្រងជំងឺកូវិត-19 ហើយប្រទេសនេះក៏កំពុងជំនះជាមួយទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ។
ថ្វីត្បិតថាការធ្វើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងកូរ៉េខាងជើងមានការថយចុះខ្លាំងបែបនេះ ប្រទេសចិន ត្រូវបានរាយការណ៍ថាមានកំណើននាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗទៅវិញ ដែលធ្វើឱ្យកំណើននៃការនាំចេញរបស់ចិនកាន់ទីផ្សារពិភពលោកទទួលបានកំនើនវិជ្ជមាន ខណៈប្រទេសជាច្រើនជួបវិបត្តិដោយសារតែកូវីដ១៩ និងធ្លាក់ចុះជាអវិជ្ជមាន៕