ដោយៈ ចំណាន
ស្វាយរៀងៈ ក្រុមការងារគម្រោងជំរុញ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា (3CEP)) ចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារស្ដីពី ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកតាំង សាមឿន អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង បានអញ្ជើញដឹកនាំក្រុមការងារ នៃគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន នៅព្រះរាជាណាចក្រកម្ពុជា (Cambodia Cross-border Connectivity Enhancement Project, ហៅកាត់ថា 3CEP) អមជាមួយលោក ណៃ ចំណង់ អគ្គនាយករងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង អ្នកជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងក្រុមការងារនៃសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសKCI-BOTEK JV ចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារ ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីជារកធាតុចូលបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់សាងសង់ស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន៤កន្លែងផ្សេងទៀត។
គោលបំណងនៃការចុះសិក្សានេះ ធ្វើឡើងដើម្បីគោលដៅមួយវំនួនដូចជា (១). ស្វែងយល់បន្ថែមពីស្ថានភាពទូទៅ ប្រតិបត្តិការដ៏មមាញឹកនៃការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម គំរូស្ថាបត្យកម្មអគារច្រកទ្វារ និងឋាបនីយភណ្ឌ(Facilities) ក្នុងស្ថានីយ៍ច្រកទ្វារព្រំដែន និង(២). ប្រមូលធាតុចូលចាំបាច់ដែលជាតម្រូវការជាក់ស្ដែងសម្រាប់រៀបចំ និងបំពាក់ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ សំដៅអភិវឌ្ឍ និងពង្រីកស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិភ្នំដិន ត្រពាំងផ្លុង ត្រពាំងស្រែ និងអូរយ៉ាដាវ ឱ្យស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង ក៏ដូចជា រួមចំណែកសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន និងភស្ដុភារកម្ម និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារអាម៉េរិក។
ផែនការនេះ ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលនឹងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លងកាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពធន់គ្រប់គ្រាន់ក្នុងបរិបទភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងមានភាពស្រពេចស្រពិល។
ជាលទ្ធផល ក្រុមការងារនៃគម្រោង 3CEP សហការជាមួយនឹងក្រុមការងារនៃសម្ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV នឹងយកធាតុចូលទាំងអស់ ដែលទទួលបានពីការចុះសិក្សា និងពីអាជ្ញាធរនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិតនេះ មកប្រើប្រាស់ឬនិងបញ្ចូលទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study – FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត (Detailed Engineering Designs – DEDs) សម្រាប់គម្រោង3CEP រួចនឹងបន្តពិភាក្សាការងារ FS និងDEDs របស់ច្រកទ្វារអន្តរជាតិទាំង៤កន្លែងខាងលើ តាមរយៈយន្តការពិគ្រោះយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ (ប្រព័ន្ធជវភាពនៃតួអង្គតែមួយ) រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋាននៃខេត្តទាំង៤។ល។
គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
ជាពិសេស គម្រោងនេះក៏នឹងជម្រុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ៖ ១)-កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS) (២)-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម (៣)-ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥)និង(៤)-អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជាផងដែរ៕










