រដ្ឋាភិបាល​ចាប់ផ្តើម​រៀប​ចំ​ក្រម​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតរដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តី អញ្ជើញបើក និងដឹកនាំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីតំណាងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ននានា, ស្ថាប័នតុលាការ, វិស័យឯកជន, អង្គទូត,​ អង្គការអន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ៤០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា” នាថ្ងៃនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យពាណិជ្ជកម្ម ទៅជាក្រមពាណិជ្ជកម្មមួយ ដែលច្បាស់​លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាព និងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយ នៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីដំណើរវិវត្តសំខាន់ៗ នៃការកែទម្រង់ច្បាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី២ រហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា ដោយជារួម ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កំណែទម្រង់ច្បាប់ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនជាសារវន្ត ហើយបង្កើតបានជាមូលដ្ឋានគ្រឹះ សម្រាប់ការដឹកនាំនិងគ្រប់គ្រងប្រទេស ជាពិសេសការធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងសកល។

លោកបន្តថា ទន្ទឹមនឹងវឌ្ឍនភាពគន្លឹះៗ បញ្ហាជាសារវន្តមួយចំនួ​នក៏បានកើតឡើង ក្នុងប្រព័ន្ធច្បាប់កម្ពុជាផងដែរ ដូចជាបញ្ហាអត្តសញ្ញា​ណច្បាប់កម្ពុជាមានលក្ខណៈចម្រុះ អសង្គតិភាពនៃច្បាប់ជាធរមាន គម្លាតរវាងគោលនយោបាយ និងច្បាប់ គម្លាតរវាងច្បាប់និងការអនុវត្តច្បាប់ ច្បាប់មួយចំនួនមិនអាចអនុវត្តបានឬហួសសម័យ ព្រមទាំងបញ្ហាជារចនាសម្ព័ន្ធស្ថាប័ន និងបញ្ហាជាន់សមត្ថកិច្ចគ្នាជាដើម។ល។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” របស់រាជរដ្ឋាភិបាល។ ហើយក្នុងទិសដៅពន្លឿនល្បឿន នៃការងារកែទម្រង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័តដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា គិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here