CDC និង​ក្រសួងពាណិជ្ជកម្ម​ពិភាក្សា​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ទិន្នន័យ ​និង​លិខិត​ស្នាម​ជា​ទម្រង់​ឌីជីថល​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នា​មជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក។

កិច្ចប្រជុំនេះដឹកនាំដោយលោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិភាក្សារួមគ្នាជាមួយ លោកឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថលក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាលិខិតស្នាមពាក់ព័ន្ធនឹងសេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានលើកឡើងក្នុងកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ដំណោះស្រាយសំខាន់ៗមួយចំនួន ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ហើយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដោះស្រាយគឺជាស្នូលសំខាន់នៃកិច្ចពិភាក្សានាថ្ងៃនេះ ដើម្បីឈានទៅអនុវត្តអន្តរប្រតិ​បត្តិការតាមប្រព័ន្ធឌីជីថល ផ្លាស់ប្ដូរទិន្នន័យ សំដៅកាត់បន្ថយការប្រើប្រាស់លិខិតស្នាម ពន្លឿន និងធ្វើសាមញ្ញនីតិវិធីផ្តល់សេវាសាធារណៈជូនវិស័យឯកជន។

ក្នុងកិច្ចប្រជុំនាឱកាសនេះ លោកហ៊ាង សុទ្ធាយុត្តិ ក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងដាក់ចេញនូវយន្តការនានា ដើម្បីដោះស្រាយនូវសំណូមពររបស់វិនិយោគិន រហូតមានការទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណពីវិស័យឯកជន និងសភាពាណិជ្ជកម្ម។ ជាក់ស្ដែងកន្លងមកនេះ ក្រសួងបានកែសម្រួល និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធ្វើសាមញ្ញកម្ម ការងារចុះបញ្ជីពាណិជ្ជកម្ម និងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ឈរលើមូលដ្ឋាននៃកិច្ចសហការរវាងគ្នា អង្គប្រជុំនឹងដាក់ជូននូវដំណោះស្រាយ លើសំណូមពររបស់វិស័យឯកជន ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដើម្បីឆ្លើយតបជូនវិនិយោគិន និងជាការចូលរួមបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here