មន្រ្តី​ជាន់ខ្ពស់​ផ្សព្វផ្សាយ​ច្បាប់​ និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ដល់​អ្នក​ធុរ​កិច្ច​កូរ៉េ​

ដោយៈ ចំណាន

   កូរ៉េៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជាអធិបតីនិងឡើងថ្លែងសុន្ទរកថាគន្លឹះក្នុង “វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦” ក្រោមកិច្ចសហការរៀបចំរវាង ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន។

លោកបានថ្លែងបែបនេះ ក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ដោយមានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗ ឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។

អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីនារសៀលនេះមានការចូលរួមពីលោកឃួន ផុនរតនៈ ឯកអគ្គរាជកម្ពុជាប្រចាំសាធា​រណរដ្ឋកូរ៉េ លោកPark Joo-bong ប្រធានសភាពាណិជ្ជកម្មនិងឧស្សា​ហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជា រួមមានសមា​សភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកប​ដោយភាពអនុគ្រោះខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ឡើងវិញជានូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លោកស៊ុន ចាន់ថុលបានធ្ងន់ថា ក្រោមឆ័ត្រនៃ “ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា” វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹកចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគ ប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

នៅក្នុងកម្មវិធីនេះ មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យ និងការផ្តល់ការណែនាំ សម្រាប់ការវិនិយោគនៅកម្ពុជាពីសំណាក់ លោក Kim Sung Soo ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងលោក Chung Myung Gyu ប្រធានសមាគមកូរ៉េប្រចាំកម្ពុជា។

បន្តពីរបៀបវារៈនេះ លោកលឹម វិសាល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. បានឡើងផ្តល់ព័ត៌មានសំខាន់ៗពាក់ព័ន្ធ នឹងបរិយាកាសវិនិយោគនៅកម្ពុជា និងបិទបញ្ចប់ដោយវេទិកាសំណួរ-ចម្លើយ ដោយមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយសឆ្លើយតបស្រាយបំភ្លឺ នូវរាល់ចម្ងល់ និងការចោទសួរពីសំណាក់វិនិយោគិន ធុរជន និងអ្នកចូលរួមជាតំណាងក្រុមហ៊ុនសហគ្រាសធំៗរបស់កូរ៉េផងដែរ។

វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦” បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំរវាង ក.អ.ក. និងICCI ក្នុងការរុញច្រានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយ សម្រាប់រលកនៃការវិនិយោគថ្មីៗពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here