ដោយៈ ចំណាន
ស្ទឹងត្រែងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តភាគឦសាន ខេត្តទាំង៤ នៅភាគឦសាន ទទួលបានសំណើការវិនិយោគចំនួន៧២គម្រោង ក្នុងនោះ ៥៧គម្រោងបានពិនិត្យ និងបន្តនីតិវិធី។
សម្តេចបញ្ជាក់ថា គំរោងវិនិយោគ៧២នេះ មានទុនវិនិយោគសរុបប្រមាណ២.៧ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាង៨ម៉ឺននាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញ ការវិនិយោគខេត្តភាគឦសាន គឺគ្រប់ដណ្តប់លើវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយបានប្រើប្រាស់វិធានការគាំទ្រ និងការវិនិយោគចំនួន៣ មានដូចជា៖ (១) វិធានការផ្នែកពន្ធដារ និងពន្ធគយ ដោយបានអនុគ្រោះសម្រាប់លើកទឹកចិត្តដល់អ្នកវិនិយោគនៅខេត្តភាគឦសាននេះ (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ (ទទួលបានការប្រាក់ទាបសម្រាប់ការវិនិយោគ) (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងគាំទ្រសកម្មភាពវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈគម្រោងទាំងនេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជិត៨៣ ០០០នាក់ ហើយរដ្ឋាភិបាលនឹងនៅតែបន្តទទួល ឱ្យមានការស្នើសុំធ្វើការវិនិយោគនៅតាមខេត្តភាគឦសាននេះ ជាបន្តទៅទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បើនិយាយទូទាំងប្រទេស គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេសសម្រាប់គម្រោងវិនិយោគ ពីក្រៅប្រទេសមកវិនិយោគក្នុងប្រទេសយើងមានចំនួន២១៤គម្រោង គិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ និងបានបង្កើតការចំនួន១៤០,០០០កន្លែងជូនពលរដ្ឋផងដែរ៕









