មន្រ្តី​ជាន់​ខ្ពស់​ជួប​គណ​គ្រប់គ្រង​ក្រុម​ហ៊ុន​សក្តានុពល​៣​របស់​ចិន​ ដើម្បី​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃទីក្រុងស៊ិនជិន ខេត្តក្វាងទុង សាធា​រណរដ្ឋប្រជាមានិតចិន លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនធំៗចំនួន៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបជាមួយក្រុមហ៊ុនទាំងបីនោះ រួមមានជាមួយក្រុមហ៊ុន Hong Kong Causeway Bay Group ជាកិច្ចចាប់ផ្តើមដំបូង លោកឧបនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោកChen Zhi ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hong Kong Causeway Bay Group ដែលជាអ្នកវិនិយោគដ៏ល្បីល្បាញ ក្នុងវិស័យអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ប្រជុំជនប្រមូលផ្តុំ (Integrated Urban Development)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម ជុំវិញបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើលទ្ធភាព នៃការទាក់ទាញគម្រោងវិនិយោគមជ្ឈ​មណ្ឌ​លពាណិជ្ជកម្មលំដាប់អន្តរជាតិមកកាន់កម្ពុជា។

លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានជួបជាមួយក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group) ក្នុងជំនួបទីពីរនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលជួបលោក Qi Xiaoming តំណាងក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនស៊ិនជិន (Shenzhen Stock Exchange) និងជាក្រុមហ៊ុនឈានមុខគេមួយលើផ្នែកស្រាវជ្រាវ ផលិត និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាអេក្រង់ LED និងប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃ។ ជំនួបនេះបានផ្តោតលើ ការពិនិត្យលទ្ធភាពក្នុងការបង្កើតរោងចក្រដំឡើងឧបករណ៍អគ្គិសនី និងបច្ចេកវិទ្យា LED នៅកម្ពុជា ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីផលប្រយោ​ជន៍ការប្រើប្រាស់បច្ចេកវិទ្យាLED ឆ្លាតវៃ សម្រាប់អនុវត្តក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ការបំភ្លឺផ្លូវសាធារណៈ ព្រមទាំងការបំពាក់អេក្រង់ LED ភ្ជាប់ដោយបច្ចេកវិទ្យាឌីជីថល នៅតាមពហុកីឡដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិនានាជាដើម។

ក្នុងថ្ងៃជាមួយគ្នានេះ លោកស៊ុន ចាន់ថុលក័៏បាំនជួបជាមួយក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd. នៅក្នុងជំនួបចុងក្រោយនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd. ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារ STAR Market នៃផ្សារភាគហ៊ុនសៀងហៃ និងជាអ្នកផលិតធាតុផ្សំកាតូត (Cathode Materials)សម្រាប់អាគុយលីចូម (Lithium-ion Battery) ដ៏ធំមួយ ដែលផ្គត់ផ្គង់ផ្ទាល់ជូនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនផលិតអាគុយ។

ជំនួបនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការរុញច្រានកម្ពុជា ឱ្យឈានជើងចូល ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម រថយន្តអគ្គិសនី (EV Supply Chain) និងលទ្ធភាពនៃការទាក់ទាញរោងចក្រផលិតធាតុផ្សំអាគុយ មកបង្កើតមូលដ្ឋានផលិតនៅកម្ពុជា ដើម្បីបង្កើនកម្រិតផលិតកម្មក្នុងស្រុក។

ក្នុងឱកាសនៃជំនួបទាំងបីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុនទាំងអស់អំពី គោលនយោបាយបើកចំហ ស្ថិរភាពនយោបាយ និងកិច្ចសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានអញ្ជើញគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងបី មកបំពេញទស្សនកិច្ចសិក្សា​ស្រាវជ្រាវផ្ទាល់នៅកម្ពុជា ដើម្បីប្រែក្លាយកិច្ចពិភាក្សានេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលឆាប់ៗខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here