ធនាគារ Goldman Sachs ដំឡើង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អាមេរិក កាន់តែ​ខ្ពស់​ដោយសារ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​របស់ ចូ បៃ​ឌិន

ដោយ សុខុម

អាមេរិក៖ ខណៈ​រដ្ឋការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជិត​ចប់​អាណត្តិ ហើយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ចូ បៃ​ឌិន នឹង​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី២០ មករា ដ៏​ខ្លី​ខាងមុខនេះ បណ្ដា​វិនិយោគិន និង​សេដ្ឋវិទូ​ហាក់​មាន​សុទិដ្ឋិនិយម​កាន់​ខ្លាំង​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​ឆ្នាំ២០២១ នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ក្រុមអ្នកវិភាគ​នៅ​ធនាគារ​អាមេរិក ដ៏​ធំ Goldman Sachs បាន​ដំឡើង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​អាមេរិក កាន់តែ​ខ្ពស់​ជា​លើក​ទី២ នៅក្នុង​ខែ​នេះ​ដោយសារ​ក្ដី​រំពឹងថា ផែនការ​ស្ដារ​សេដ្ឋកិច្ច​របស់លោក ចូ បៃ​ឌិន នឹង​ជួយ​ជំ​រុញឱ្យ​សេដ្ឋកិច្ច​ងើបឡើង​កាន់តែ​ឆាប់រហ័ស​ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១៧ មករា។

យោងតាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី១៦ មករា បង្ហាញថា ធនាគារ​នេះ​រំពឹងថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក នឹង​ទទួលបាន​កំណើន​រហូតដល់ ៦,៦% ក្នុង​ឆ្នាំ២០២១ បើ​ធៀប​ទៅនឹង​ការ​ព្យាករ​លើក​មុន​របស់ខ្លួន​ត្រឹម ៦,៤% ។

ទន្ទឹមនេះ ធនាគារ​នេះ​ក៏បាន​ដំឡើង​ការ​ព្យាករ​របស់ខ្លួន​អំពី​ទំហំ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ដែល​រដ្ឋការ​ថ្មី​ក្រោម​ការដឹកនាំ​ប​ស់លោក ចូ បៃ​ឌិន នឹងមាន​លទ្ធភាព​ជំរុញ​ឱ្យចេញ​ជា​លទ្ធផល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​ពី​ចំនួន ៧៥០ ពាន់​លាន​ដុល្លារ​ដល់ ១,១ ទ្រី​លាន​ដុល្លារ​ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា លោក ចូ បៃ​ឌិន បាន​បញ្ចេញ​ផែនការ​ស្នើសុំ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​រហូតដល់​ទៅ ១,៩ ទ្រី​លាន​ដុល្លារ ដោយ​លើកឡើងថា សហរដ្ឋអាមេរិក ត្រូវការ​ការវិនិយោគ​ច្បាស់លាស់​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​ព​ន្លឿ​ន​ការ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ-១៩ ដើម្បី​គ្រប់គ្រង​ឱ្យបាន​នូវ​ស្ថានការណ៍​ឆ្លង​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ។

ក្រុមអ្នកវិភាគ​នៅ​ធនាគារ​ដដែល​បានសរសេរថា “ការកើនឡើង​នូវ​ចំណូល​ពលរដ្ឋ​ក្រោយ​កាត់​ពន្ធ (Disposable Personal Income) និង​ការចំណាយ​របស់​រដ្ឋាភិបាល​នឹង​ជួយ​ជំ​រុញឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់​នៅ​ឆ្នាំនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here